(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាកសួរនៅមុននេះបន្តិច ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួន បុរស៣នាក់ ដែលបានយកឈ្មោះថ្នាក់ដឹកនាំឆបោកសម្រាប់ការទិញដីតម្លៃជិត១លានដុល្លារ។ ជនទាំង៣នាក់កាលពីម្សិលមិញ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ឆបោក»។
មនុស្ស៣នាក់រួមមាន៖ ឈ្មោះ សួន មាន ភេទប្រុស អាយុ ៤៧ឆ្នាំ, ឈ្មោះ ហង្ស សុខា អាយុ ៤៧ឆ្នាំ និង ឈ្មោះ ស៊ុន សុខហេង អាយុ៥៨ឆ្នាំ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។ ជនជាប់ចោទទាំង ៣នាក់នេះ ត្រូវបានឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សូ ណាវី។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមបុរសទាំង ៣នាក់នេះ មានជនសង្ស័យម្នាក់ឈ្មោះ សួន មាន បានយកឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន និង កូនថ្នាក់ដឹកនាំជាន់ខ្ពស់ដើរទិញដីឲ្យអ្នកវិនិយោគបរទេសក្នុងតម្លៃជិត ១លានដុល្លារ នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែធាតុពិតមិនមានដីនោះទេ។ ពេលជនរងគ្រោះទារលុយវិញ មិនមានលុយសងហើយ បែរជាយកឈ្មោះកូនថ្នាក់ដឹកនាំទៅគំរាមទៀត។
ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ហង្ស សុខា ក៏បានយកឈ្មោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ទៅដើរទិញលក់ដីពីឈ្មោះ ស៊ុន សុខហេង ប៉ុន្តែត្រូវបានបែកការណ៍៕