(ក្រចេះ)៖ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) និងជាស្ថាបនិកមួយរូបបង្កើតសាកលវិទ្យាល័យក្រចេះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរួមមានលោក កែន សម្បត្តិ សមាជិកឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក ជ័យ រិទ្ធី ទីប្រឹក្សាឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកស្រី ឆាន់ វីរិយ៉ា ជំនួយការលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងសហការី បានអញ្ជើញចុះទស្សនកិច្ចនៅសាកលវិទ្យាល័យក្រចេះ និងបានជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយគណៈគ្រប់គ្រង មន្ត្រី គ្រូបង្រៀន និងនិស្សិតរបស់សាកលវិទ្យាល័យក្រចេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ, លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ, លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រចេះ, លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងសហការីពាក់ព័ន្ធផងដែរ។
លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានលើកឡើងអំពីសាវតារនៃការសាងសង់សាកលវិទ្យាល័យក្រចេះ ក្នុងក្របខណ្ឌនៃនយោបាយ «ខេត្តមួយ មានសាកលវិទ្យាល័យរដ្ឋមួយ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយនៅឆ្នាំ២០១១ លោក គាត ឈន់ ពេលនោះជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងពេលនោះជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឥស្សរជនជាថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តួចផ្តើមគំនិតបង្កើត អង្គការមូលនិធិឧត្តមសិក្សាក្រចេះ។
លោកបន្ដថា សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទទួលព័ត៌មានស្តីពីការបង្កើតនូវអង្គការមូលនិធិឧត្តមសិក្សាក្រចេះនោះភ្លាម ក៏បានលើកទឹកចិត្តការផ្តួចផ្តើមគំនិតនេះ ដោយបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងសន្ធឹកដើម្បីបង្កើតអង្គការនេះ ឱ្យចេញជារូបរាងនិង ដំណើរការបានភ្លាម។ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនរូប បានចូលរួមវិភាគទានដល់ការបង្កើតអង្គការនេះ។
ទន្ទឹមនឹងនេះ ខាងផ្នែកអាកាដេម៉ិច ក៏ដូចជាផ្នែកធុរកិច្ច ក៏បានចូលរួមវិភាគទានក្នុងការបង្កើតនូវអង្គការមូលនិធិឧត្តមសិក្សា ក្រចេះផងដែរ ដែលធ្វើឱ្យការកៀរគរមូលនិធិបានប្រមាណជាង ២ លានដុល្លារ។ សាកលវិទ្យាល័យក្រចេះ ត្រូវបានសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណ ១២ លានដុល្លារ ក្នុងនោះ ៖ ប្រមាណ ២ លានដុល្លារ ជាហិរញ្ញប្បទានរបស់អង្គការមូលនិធិឧត្តមសិក្សាក្រចេះ និងប្រមាណ ១០ លានដុល្លារ (ត្រូវនឹង ៦០លានយ័ន) ជាហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។
លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានកោតសរសើរចំពោះ លោកបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ គណៈគ្រប់គ្រង មន្រ្តី គ្រូបង្រៀន និងនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍសាកលវិទ្យាល័យក្រចេះឲ្យមានការរីកចម្រើនក្នុងរយៈពេលខ្លីមួយ បន្ទាប់ពីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន។
លោកកិត្តិបរិរក្សបណ្ឌិត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារទូទៅរបស់សាកលវិទ្យាល័យក្រចេះ ហើយក្នុងនោះ ជាពិសេសបានអញ្ជើញចុះមើលអគាររោងជាង ដែលនឹងត្រូវរៀបចំបំពាក់សម្ភារបរិក្ខារផ្សេងៗ ដើម្បីឲ្យអាចដំណើរការបាន និងបានអញ្ជើញចុះមើលអគារវិទ្យាស្ថានមច្ឆវិទ្យា ដែលកំពុងរៀបចំបង្កើតឱ្យចេញជាកូនសារមន្ទីរមច្ឆជាតិ ដែលតម្កល់ទុកនូវសំណាកប្រភេទ និងពូជសត្វត្រី និងសត្វទឹកនានា។
ជាមួយនឹងសេចក្តីត្រេកអរដែលបានឃើញទិដ្ឋភាព និងវឌ្ឍនភាពការងារជាក់ស្តែងរបស់សាកលវិទ្យាល័យក្រចេះ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានវាយតម្លៃខ្ពស់ចំពោះការបង្កើតនូវកូនសារមន្ទីរមច្ឆជាតិ ដោយសារប្រទេសកម្ពុជា គឺជាប្រទេសដែលគ្របដណ្តប់ដោយទឹក ជាពិសេសទឹកសាប (ឧ. បឹងទន្លេសាប ទន្លេមេគង្គ និងទន្លេពាក់ព័ន្ធជាច្រើន) ហើយភាពចាំបាច់ សម្រាប់ការអប់រំផ្នែកជលផល (មច្ឆសត្វ និងសត្វទឹក) នាពេលបច្ចុប្បន្ន គឺត្រូវតែបន្ត និងពង្រីកឱ្យបានកាន់តែខ្លាំងខ្លាថែមទៀត។ ការលើកកម្ពស់ការយល់ដឹងអំពីតម្រូវការ សម្រាប់ការអភិរក្សមច្ឆសត្វ និងបរិស្ថានរស់នៅ ក៏ចាំបាច់ត្រូវលើកឡើងផងដែរ តាមរយៈការបង្ហាញឱ្យយល់ដឹងអំពីជីវិតសត្វទឹក និងជីវចម្រុះនានា។ ដូចនេះ វិទ្យាស្ថានមច្ឆវិទ្យា នៃសាកលវិទ្យាល័យក្រចេះរបស់យើង ត្រូវតែខិតខំប្រឹងប្រែង រៀបចំកម្មវិធីសិក្សា និងដើរតួឲ្យសំខាន់ក្នុងការបណ្តុះបណ្តាលវិស័យនេះ ឲ្យរីកចម្រើន។
លោកបន្ដថា ដូចដែលយើងដឹងហើយថា នៅក្នុងទឹក គឺមានសត្វជាច្រើនប្រភេទ ប៉ុន្តែក្នុងចំណោមនោះ ត្រី ត្រូវបានគេចាត់ទុកថា ជាតំណាងជីវិតនៅក្នុងទឹក ហើយពួកវាត្រូវបានគេស្គាល់ តាមរយៈការនេសាទ និងការជួបប្រទះនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ចំនួននៃប្រភេទត្រី គឺច្រើនលើសលប់ក្នុងចំណោមសត្វឆ្អឹងខ្នង ហើយរូបរាងរបស់វាទៀតសោត គឺបង្ហាញពីភាពចម្រុះដ៏អស្ចារ្យ ដោយមានចាប់ពីទំហំតូច រហូតធំរាប់សិបម៉ែត្រ។ ហេតុដូច្នេះហើយ ការបង្កើតឲ្យមាននូវកូនសារមន្ទីរមច្ឆជាតិ នៅសាកលវិទ្យាល័យក្រចេះ នេះ គឺវាមានប្រយោជន៍ ខ្លាំងក្នុងការពន្យល់អំពីត្រី តាមរយៈការបង្ហាញអំពីរូបរាងពិតប្រាកដ និងជីវិតរបស់វា ដែលយើងបានរក្សាទុកជាសំណាកម៉ាកែតស្ងួត និងរក្សាទុកក្នុងដបកែវលាយផ្សំជាមួយសារធាតុគីមី។
ស្របគ្នានេះដែរ លោកអភិបាលខេត្ត វ៉ា ថន និងមន្ទីរពាក់ព័ន្ធក្នុងខេត្តក្រចេះ ដែលមានវត្តមាននៅក្នុងដំណើរទស្សនកិច្ចនេះ ក៏បានកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យក្រចេះ ហើយក៏នឹងបន្តពង្រឹង និងពង្រីកការគាំទ្រថែមទៀតដល់សាកលវិទ្យាល័យក្រចេះ ដើម្បីឲ្យសម្រេចតាមគោលបំណងដើម ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តក្រចេះ និងខេត្តជុំវិញ និងឱ្យមានចំណេះដឹងកម្រិតឧត្តមសិក្សាដូចគ្នារវាងតំបន់ទីក្រុង និងជនបទ។ ធនធានមនុស្សទាំងនេះ នឹងជាចលករដ៏សំខាន់មួយ ក្នុងការលើកស្ទួយ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកមច្រើន។
លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក៏បានវាយតម្លៃខ្ពស់ ដែលសាកលវិទ្យាល័យក្រចេះ បានខិតខំបន្តការ បណ្តុះបណ្តាលនិស្សិតរហូតមកទល់បច្ចុប្បន្ន (ឆ្នាំទី៤ ៖ ឆ្នាំសិក្សា ២០២១-២០២២) ទោះបីជាជួបប្រទះនូវគ្រោះអកុសលពីជម្ងឺរាតត្បាត Covid-19 អស់រយៈពេលជាង ២ ឆ្នាំ កន្លងមកនេះក៏ដោយ។ ហើយពេលនេះ និស្សិតជំនាន់ទី១ (ឆ្នាំសិក្សាដំបូង ២០១៨-២០១៩) របស់យើង កំពុងរៀបចំសរសេរសរណាបទ ដើម្បីបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រជាលើកទី១ ផងដែរ។
ជាមួយគ្នានេះ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ នឹងជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារបរិក្ខារមួយចំនួនដល់និស្សិតឆ្នើមៗរបស់យើង ដើម្បីធ្វើការពិសោធន៍ និងស្រាវជ្រាវលើប្រធានបទណា ដែលអនុវត្តជាក់ស្តែង នៅក្នុងកសិដ្ឋាន និងមន្ទីរពិសោធន៍របស់សាកលវិទ្យាល័យក្រចេះ ឬ សិក្សាអ្វី ដែលផ្តល់ផលប្រយោជន៍ដល់សាកលវិទ្យាល័យក្រចេះ និងសម្រាប់និស្សិតជំនាន់ក្រោយ៕