(សៀមរាប)៖ ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមកចំនួន ៩៤០គ្រួសារ នៅស្រុកអង្គរជុំ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ទទួលបានស្បៀងពីរាជរដ្ឋាភិបាល ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងកម្ពុជា។ ពិធីនេះប្រារព្ធឡើងនៅក្នុងវត្តក្រឡាញ់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
ពិធីសំណេះសំណាល ផ្ដល់ស្បៀង និងគ្រឿងឧបភោគបរិភោគ ក៏មានការចូលរួមពីលោក ឃឹម ហ្វីណង់ អភិបាលរងខេត្ដសៀមរាប តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក លុក ផុស អភិបាលស្រុកអង្គរជុំ មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជាច្រើនបានចូលរួមផងដែរ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា ការផ្ដល់ស្បៀងនេះ ជាការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមក ប្រមុខរាជរដ្ឋាភិបាលតែងតែបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗជាដើម។
លោក ឃឹម ហ្វីណង់ បានបន្តថា បើទោះបីស្បៀងទាំងនេះវាតិចតួច មិនច្រើនក៍ពិតមែន ប៉ុន្ដែអាចជួយសម្រួលដល់ជីវភាពរបស់ប្រជជាពលរដ្ឋបានមួយគ្រាៗដែរ និងជាការបង្ហាញឲ្យឃើញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលចំពោះប្រជជាពលរដ្ឋដែលបានរងនូវផលបះពាល់ពីគ្រោះមហន្តរាយដោយសារទឹកជំនន់។
លោកការប៉ះពាល់ទាំងនេះ មិនមែនទេតែស្រុកអង្គរជុំមួយទេ គឺមានស្រុកជាច្រើនដែលរងផលបះពាល់ដូចនេះផងដែរ។ ដូច្នេះបន្ទាប់ពីទឹកបានស្រកជាបណ្តើៗ សូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះអនាម័យ បរិស្ថាន និងសុខភាពឲ្យបានល្អប្រសើរជៀសវាងការឆ្លងរីករាលដាលពីជម្ងឺផ្សេងៗ ដោយប្រការណាមួយជាយថាហេតុក្នុងការរស់នៅប្រចាំថ្ងៃជាដើម។
ទន្ទឹមនឹងនេះដែរ លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានលើកថា ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដស្រុកអង្គរជុំកន្លងមក ដែលធ្វើឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួនជាង ៩៤០គ្រួសារ ស្ថិតក្នុងឃុំចំនួន ៣ គឺឃុំតាសោម ឃុំនគរភាស និងឃុំគោកដូង ជាក់ស្តែងនាពេលនេះ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយមានចំនួន ៩៤០គ្រួសារ ស្ថិតក្នុងឃុំចំនួន ៣ខាងលើ ដែលរងផលប៉ះពាល់ខ្លាំង ហើយការចែកអំណោយរបស់រាជរដ្ឋាភិបាលនេះ គឺក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់យកទៅប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
ជាមួយនេះដែរ លោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចំពោះការចុះឈ្មោះបោះឆ្នោតនេះ គឺចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២តទៅ៕