(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសវនាការ និងទទួលអំណោយជាថ្នាំពេទ្យចំនួន ១០មុខ ជាអំណោយរបស់ក្រុមហ៊ុន Bailly-Creat Laboratory ដែលគណៈប្រតិភូដឹកនាំដោយ Mr. Patrick CHOAY ប្រធានក្រុមហ៊ុន Bailly-Creat Laboratory។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Patrick CHOAY ដែលមានទឹកចិត្តជ្រះថ្លា បាននាំយកអំណោយថ្នាំពេទ្យទាំងនេះមកជូនកាកបាទក្រហមកម្ពុជា។

លោកស្រីបានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជា នឹងធ្វើការបែងចែក ហើយនាំយកអំណោយថ្នាំពេទ្យទាំងនេះទៅចែកជូនដល់មណ្ឌលសុខភាព ដែលនៅតាមបណ្តាខេត្តឆ្ងាយៗ សម្រាប់ប្រើប្រាស់តាមការចាំបាច់ និងជួយក្នុងការព្យាបាលជំងឺរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូអំពីប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។

លោក Patrick CHOAY ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុវត្តការងារបានយ៉ាងល្អប្រសើរ ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗនៅគ្រប់ទីកន្លែង។

នៅក្នុងថ្ងៃដដែលនេះ កាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក៏បានទទួលស្វាគមន៍ និងទទួលអំណោយជាថវិកាចំនួន ៥០០ដុល្លារ ពីលោកស្រី លឹម ហ៊ុយ ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា។

លោកស្រីបានថ្លែងទៅកាន់សប្បុរសជនថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី លឹម ហ៊ុយ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលការលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត៕