(ភ្នំពេញ)៖ លោក ជិន ម៉ាលីន តំណាងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានចូលរួមធ្វើជាសហប្រធានជាមួយអាយឆា-ឥណ្ឌូនេស៊ី និងតំណាងពិសេសសហភាពអឺរ៉ុប ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការរៀបចំនិងដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ស្តីពីគោលនយោបាយសិទិ្ធមនុស្សលើកទៅទី៤ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចសន្ទនានេះបានផ្ដោតទៅលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស រួមមាន៖ ការធ្វើឱ្យប្រសើរឡើងនូវការធានាក្នុងការការពារសិទ្ធិកុមារ សិទ្ធិពលករទេសន្តប្រវេសន៍ និងការជួញដូរមនុស្ស សេរីភាពបញ្ចេញមតិ និងគំនិត សេរីភាពសាសនា និងជំនឿ សិទ្ធិជនមានពិការភាព បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ សិទ្ធិស្ត្រីនិងសមភាពយេនឌ័រ បរិយាប័ន្នសង្គម រួមទាំងការការពារសិទ្ធិមនុស្សអំឡុងពេលប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម។
ទន្ទឹមនឹងការទទួលស្គាល់ថា បញ្ហាប្រឈមជាច្រើននៅតែបន្តកើតមាន កិច្ចសន្ទនានេះ ក៏បានផ្តល់ឱកាសមួយដើម្បីពិនិត្យមើលពីវឌ្ឍនភាពសំខាន់ៗក្នុងតំបន់អាស៊ាន ដូចជា ធុរកិច្ច និងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារជាដើម។ ជាងនេះទៀតនេះក៏ជាឱកាសក្នុងការពិភាក្សាអំពីស្ថានភាពនៃវិបត្តិនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ដែលនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិស័យ
សិទ្ធិមនុស្ស។
ក្នុងនាមជាអ្នកតស៊ូមតិដ៏ខ្លាំងក្លា ដើម្បីពហុភាពនិយម អាស៊ាន និងសហភាពអឺរ៉ុប បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពហុភាគីនិងតំបន់ ដែលគាំទ្រដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការអនុម័ត AHRD សន្ធិសញ្ញាអឺរ៉ុប និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ គឺជាមធ្យោបាយចាំបាច់ក្នុងការជម្នះបញ្ជ
ប្រឈមជាសកលថ្មីៗ។ អាស៊ាន និងសហភាពអឺរ៉ុប ក៏បានកំណត់ពីវិធានការជាក់ស្តែងនានា ដើម្បីធ្វើឱ្យការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សកាន់តែប្រសើរឡើងស្របតាមភាពជាដៃគូយុទ្ធសាស្ត្រជាធរមាន។
គួរកត់សម្គាល់ថា ភាគីទាំងពីរគ្រោងនឹងបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការ នៅដើមឆ្នាំ២០២៣ ដើម្បីពង្រឹងតួនាទីរបស់អាយឆាបន្ថែមទៀត និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរួមមាន៖ សិទ្ធិកុមារ ការទទួលបានយុត្តិធម៌របស់កុមារ ការបង្កើនការចូលរួមរបស់យុវជន សន្តិសុខសង្គមសម្រាប់ពលករទេសន្តប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ការបញ្ជ្រាបយេនឌ័រស្ត្រី សន្តិភាព និងសន្តិសុខ ព្រមទាំងការប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម ដែលជាវិស័យអាទិភាពនៅក្នុងតំបន់អាស៊ាន។
នៅក្នុងកិច្ចសន្ទនាលើកទី៤នេះ ក៏មានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងតំណាងស្ថានប័នសិទ្ធិមនុស្សជាតិ (NHRIs) ក្នុងតំបន់អាស៊ាននិងមកពីសហភាពអឺរ៉ុប ដោយបានធ្វើការចែករំលែកនូវឧត្តមានុវត្តពាក់ព័ន្ធនឹងការធានាការទទួលបានយុត្តិធម៌ និងការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិមនុស្សរវាងយន្តការសិទ្ធិមនុស្សតំបន់ និងជាតិ។
បន្ថែមលើកកិច្ចពិគ្រោះយោបល់ខាងលើ ក៏មានកិច្ចជំនួបទ្វេភាគីដោយឡែកៗពីគ្នារវាងគណៈប្រតិភូសហភាពអឺរ៉ុបជាមួយតំណាងអោយឆានៃប្រទេសមួយចំនួន តំណាងគណៈកម្មការអាស៊ានទទួលបន្ទុកការលើកកម្ពស់ និងការការពារសិទ្ធិស្ត្រី និងកុមារ (ACWC) តំណាងគណៈកម្មាធិការអាស៊ានទទួលបន្ទុកការអនុវត្តសេចក្តីប្រកាសអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ (ACMW) និងតំណាងគណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW)។
គួរកត់សម្គាល់ផងដែរថា នៅក្នុងកិច្ចជំនួបទ្វេភាគីរវាងលោក ជិន ម៉ាលីន និងលោក Eamon Gilmore តំណាងពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនគ្នាពាក់ព័ន្ធនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពសិទ្ធិមនុស្ស ព្រមទាំងការដាក់ចេញនូវវិធានការផ្សេងៗ ដែលជាលក្ខខណ្ឌតម្រូវក្នុងបរិបទនៃប្រទេសកម្ពុជា រួមមានទាំងការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ៕