(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងលោកអភិបាលខេត្ត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានដឹកក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ នឹងអាជ្ញាធរស្រុក និងលោក ហោ លីណា ព្រះរាជអាជ្ញារងខេត្តកណ្ដាល បានចុះត្រួតពិនិត្យ និងឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីពីរកន្លែង ស្ថិតក្នុង ភូមិកណ្ដាល ឃុំឆក់ឈើនាង និងភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ស្ថិតក្នុងឱកាសនេះ លោក ណុប ដារ៉ា បានឲ្យដឹងថា អាជីវកម្មរណ្ដៅដីទាំងពីរកន្លែងនេះ បានបំពានការជីកដីមានជម្រៅហួសការកំណត់ និងគ្មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត, មិនធ្វើតាមការណែនាំ របស់អាជ្ញាធរ, ការដឹកជញ្ជូនដីដោយមិនគ្របតង់កៅស៊ូ ឲ្យបានត្រឹមត្រូវ មិនបានបង់សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ជាមួយក្រសួងរ៉ែ និងថាមពល មិនបានទុកព្រុំខណ្ឌអាជ្ញាប័ណ្ណនីមួយៗ និងបង្កឲ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាននោះ។

លោកអភិបាលរងខេត្ត បន្ថែមថា បន្ទាប់ពីក្រុមការងារចុះពិនិត្យជាក់ស្ដែង បានធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រប់ទម្រង់ រហូតដល់មានការជូនដំណឹង និងត្រូវបំពេញ កាតព្វកិច្ចត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន និងត្រូវមានវិក័យបត្របង់សួយសារត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានឲ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះផងដែរ លោកអភិបាលរងខេត្ត បានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ត្រូវធ្វើការពិនិត្យ និងវាយតំលៃការដ្ឋានជីករណ្តៅដីទាំងពីរនេះ ឲ្យមានលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវដែរឬទេ ដើម្បីរងចាំការដោះស្រាយបន្តទៀត៕