(ភ្នំពេញ)៖ អនុលោមតាមខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នា របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត សាកលវិទ្យាល័យទាំងពីរ បានរៀបចំព្រឹត្តិការណ៍បោះជំរុំប្រចាំឆ្នាំ របស់និសិ្សតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត ក្នុងឯកទេសគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ទំនាក់ទំនងអន្តរជាតិជាភាសាអង់គ្លេស និងភាសាអង់គ្លេសចំនួន២០នាក់ ជាតំណាង នៃសាកលវិទ្យាល័យទាំងពីរ ។
ក្នុងពិធីស្វាគមន៍បើកកម្មវិធី នៃព្រឹត្តិការណ៍បោះជំរុំនេះ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង និងជាតំណាងលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានសម្តែងនូវការអបអរសារទរ ចំពោះក្រុមប្រតិភូនិសិ្សតទាំងពីរភាគី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បោះជំរុំប្រចាំឆ្នាំ២០១៦ នេះ។
លោក ស៊ុន សេដ្ឋា បាន ធ្វើការរម្លឹកខ្លះៗអំពីចំណងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តការរបស់ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និង សាកលវិទ្យាល័យ ប្រាណាខន ស៊ី អាយុធ្យា រ៉ាយ៉ាបាត សាកលវិទ្យាល័យយើងទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ដែលបានធ្វើឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៤ ដោយមានការគាំទ្រពីអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡងដ៏ប្រចាំនៅកម្ពុជា។ បន្ទាប់ពីបានចាប់ដៃគូសហប្រតិបត្តិការរបស់ភាគីយើងទាំងពីរ យើងបានអនុវត្ត និងកំពុងបន្តអនុវត្តនូវបេសកកម្ម និងសកម្មភាពសំខាន់ៗមួយចំនួនដែលមានចែងក្នុងខ្លឹមសារ នៃ MOU រួមមានដូចជា វគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញកុំព្យូទ័រ កម្មវិធីផ្លាស់ប្តូរសាស្រ្តាចារ្យ ការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកនូវចំណេះដឹងថ្មីៗឱ្យគ្នាទៅវិញទៅមកជាដើម។
លោក ស៊ុន សេដ្ឋា នេះថាគឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដូចបានរៀបរាប់ជូនខាងលើ ដែលមានគោលបំណងផ្តល់នូវចំណេះដឹងថ្មីៗ ការចែករំលែកពីប្រព័ន្ធអប់រំនៃប្រទេសយើងទាំងពីរ (កម្ពុជា-ថៃ) ការបង្ហាញនូវមុខម្ហូបប្រចាំត្រកូលនៃប្រទេសយើងទាំងពីរ តាមរយៈការចំអិនអាហារបង្ហាញពីនិសិ្សតទាំងពីរក្រុម AEU និង ARU ការលេងល្បែងកម្សាន្តរួមគ្នាលក្ខណៈមិត្តភាព ការចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដូចជា ការទៅ ទស្សនាព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ការទៅទស្សនារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំឧត្តុង្គ ការធ្វើដំណើរទស្សនាចរណ៍ជុំវិញរាជធានីភ្នំពេញ និងការដើរទិញទំនិញតាមផ្សារជាដើម។
លោកសាកលវិទ្យាធិការរង បានសង្កត់ធ្ងន់ថា ក្នុងនាមគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យទាំងអស់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សូមប្តេជ្ញាបន្តពង្រឹងនូវចំណងសម្ព័ន្ធភាព នៃកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត ព្រមទាំងចូលរួមអនុវត្តនូវខ្លឹមសារ នៃអនុស្សារណៈយោគយល់គ្នា ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍សម្រាប់និសិ្សតយើងទាំងពីរភាគី។ លោកសាកលវិទ្យាធិការរង ក៏បានជំរុញលើកទឹកចិត្តដល់ប្អូនៗនិសិ្សតទាំងពីរក្រុម ដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំនេះ ត្រូវតែបង្កើតនូវទំនាក់ទំនង និងសាមគ្គីភាព សហប្រតិបតិ្តការគ្នាឱ្យបានល្អ ព្រមទាំងយកចិត្តទុកដាក់ស្វែងយល់ និងទាញយកបទនូវពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុងគោលបំណងអភិវឌ្ឍន៍នូវសមត្ថភាពជំនាញសិក្សារបស់ខ្លួន៕