(ភ្នំពេញ)៖ ក្រោយពីមានហេតុការណ៍ស្រ្តី២នាក់ ជាបងប្អូនបង្កើតត្រូវរថយន្តកុងតឺន័របុកស្លាប់នៅខណ្ឌពោធិ៍សែនជ័យ រហូតស្រ្តីជាម្តាយគាំងបេះដូងស្លាប់តាមក្រោយ ដែលធ្វើឲ្យមានការរន្ធត់ និងចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីម្សិលមិញនោះ ស្រាប់តែនៅថ្ងៃនេះ ទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ នារី២នាក់ ក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វា ហើយត្រូវរថយន្តបាញ់បេតុងធុនធំមួយគ្រឿងបើកបុកពីក្រោយ រួចកិនមនុស្សស្លាប់នៅនឹងកន្លែងភ្លាមៗ ស្ថិតនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះទាំង ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នាធ្វើដំណើរចេញពីស្ពានច្បារអំពៅបំណងឆ្ពោះទៅកាន់ផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបាញ់បេតុងធុនធំមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 5A-0030 បើកបរដោយបុរសម្នាក់ស្របទិសគ្នាជាមួយម៉ូតូ បានបើកមកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង រួចជ្រុលកិនខ្លួនជនរងគ្រោះទាំង ២នាក់ ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុតែម្តង។
ភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចដែលប្រចាំការនៅចំណុចខាងលើ ដេញតាមឃាត់បានមកវិញ ទាំងរថយន្ត និងអ្នកបើកបរ ។
ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បានចុះអន្តរាគមន៍សហការជាមួយសមត្ថកិច្ចជំនាញ ចុះវាស់វែង អូសយកទាំងរថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ក្នុងនោះ តៃកុងរថយន្តបង្ក ក៏ត្រូវឃាត់ខ្លួនយកទៅជាមួយផងដែរ ។
សូមបញ្ជាក់ថា សពនារីរងគ្រោះទាំង ២នាក់ មានវ័យប្រមាណជាង ២០ឆ្នាំដូចគ្នា ហើយពួកគេទាំង ២នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវទំនាក់ទំនងរកសាច់ញាតិ ដើម្បីអោយមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។