(ភ្នំពេញ)៖ វប្បធម៌សន្ទនា ដែលបានបង្កើតដោយប្រមុខដឹកនាំបក្សនយោបាយធំទាំងពីរនៅកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានបែកបាក់ទៅវិញកាលពីចុងឆ្នាំ២០១៥ ព្រោះតែសង្រ្គាមស្វែងរកប្រជាប្រិយភាព។ បន្ទាប់ពីបាត់ដង្ហើមអស់រយៈពេលជិតមួយឆ្នាំ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គណបក្សសង្រ្គោះជាតិ បានបង្ហាញជំហរម្តងហើយម្តងទៀត ដង្ហើយចង់ឃើញវប្បធម៌សន្ទនាបន្តជីវិតឡើងវិញ។
បើក្រឡេកទៅមើលសាវតា នៃវប្បធម៌សន្ទនា ត្រូវបានបង្កើតឡើង ដើម្បីបិទបញ្ចប់ភាពខ្វែងគំនិតគ្នាលើលទ្ធផលបោះឆ្នោតជាតិ ដែលគណបក្សសង្រ្គោះជាតិ មិនព្រមទទួលស្គាល់ ហើយក៏ជាការបិទបញ្ចប់នូវបរិយាកាសមិនល្អនៅក្នុងសង្គមផងដែរ។ បរិយាកាសមិនល្អនោះ គឺការដង្ហែក្បួនបាតុកម្មមិនឈប់ឈរនៅក្នុងរាជធានីភ្នំពេញ ដែលនាំឲ្យប៉ះពាល់ខ្លាំងដល់សតិអារម្មណ៍ប្រជាពលរដ្ឋខ្មែរ ជាពិសេសទំនុកចិត្តរបស់អ្នកវិនិយោគនៅកម្ពុជា ហើយក៏បានធ្វើឲ្យមនុស្សមួយចំនួនស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសផងដែរ។
បន្ទាប់ពីវប្បធម៌សន្ទនាត្រូវបានបង្កើតក្រោយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មានរឿងល្អៗសម្រាប់សង្គមជាតិជាច្រើន ក៏បានកើតមានឡើង។ តាមរយៈវប្បធម៌សន្ទនានេះ គណបក្សសង្រ្គោះជាតិ ដែលធ្លាប់តែប្រកាសបង្ហាញជំហរមិនព្រមទទួលស្គាល់លទ្ធផលឆ្នោត ក៏បានយល់ព្រមដើរចូលដំបូលរដ្ឋសភា ព្រមព្រៀងបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា ដោយលោក កឹម សុខា ទទួលយកតំណែងអនុប្រធានទី១ នៃរដ្ឋសភា ហើយតំណាងគណបក្សសង្រ្គោះជាតិ ៥នាក់ផ្សេងទៀត កាន់តំណែងជាប្រធានគណៈកម្មការសំខាន់ៗចំនួន៥នៅក្នុងរដ្ឋសភា។
វប្បធម៌សន្ទនា ក៏បានឈានទៅដល់ការបង្កើតក្បាលម៉ាស៊ីនថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរូបមន្ត ៤-៤-១ ដែល ៤រូប ជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា ៤រូបជ្រើសរើសដោយគណបក្សសង្រ្គោះជាតិ និងមួយរូបជាការព្រមព្រៀងរបស់គណបក្សទាំងពីរ រើសមកពីអង្គការសង្គមស៊ីវិល ដែលគេចាត់ទុកថា ជាបុគ្គលឯករាជ្យ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ក៏ត្រូវបានរំពឹងដែរថា នឹងជួយឲ្យដំណើរការបោះឆ្នោតនៅកម្ពុជា អាចទទួលយកបានពីគ្រប់គណបក្សនយោបាយ ហើយបញ្ហាខ្វែងគំនិត មិនទទួលស្គាល់លទ្ធផលបោះឆ្នោតពីគណបក្សនយោបាយ ដែលបានកើតមានចំនួន ៥អាណត្តិនៅកម្ពុជា ក៏នឹងត្រូវបិទបញ្ចប់ផងដែរ។
អ្វីដែលនាំឲ្យមានការពេញចិត្តពេញថ្លើមខ្លាំងពីប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតនោះ គឺវប្បធម៌សន្ទនានេះ បានជួយឲ្យមេដឹកនាំនយោបាយខ្មែរសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី មានឱកាសបង្ហាញភាពផ្អែមល្ហែម និងស្និទ្ធស្នាលជាមួយគ្នា រហូតដល់ការកាន់ដៃគ្នាទៅលេងពិធីបុណ្យចូលឆ្នាំនៅខេត្តសៀមរាប ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តខ្មែរ។ កាយវិការដ៏ល្អូកល្អិននេះ មិនត្រឹមតែពលរដ្ឋខ្មែរ ដែលធ្លាប់រងវិបត្តិនៃការបែកបាក់ ព្រោះជម្លោះរបស់ អ្នកនយោបាយនោះទេ ដែលរីករាយ សូម្បីបណ្តាប្រទេសជាមិត្តកម្ពុជាមួយចំនួន ក៏មានការស្ញប់ស្ញែងផងដែរ ចំពោះកាយវិការរួបរួមដ៏ផ្អែមល្ហែមនេះ។
តែគួរឲ្យសោកស្តាយចំណងស្មារតី នៃសាមគ្គីភាពរបស់មេដឹកនាំខ្មែរ ប្រែទៅរកភាពប្រេះស្រាំជាបន្តបន្ទាប់ ក្រោមសង្រ្គាមវោហាសព្ទស្វែងរកប្រជាប្រិយភាព ដែលគេតែងតែបានឮចេញពីមាត់របស់មេដឹកនាំគណបក្សសង្រ្គោះជាតិ ទាំងលោក សម រង្ស៊ី និង លោក កឹម សុខា។ លោក សម រង្ស៊ី និង លោក កឹម សុខា នៅតាមវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស តែងឆ្មក់វាយប្រហារទៅលើរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកវប្បធម៌សន្ទនា។ វោហាសព្ទ ដែលគេឧស្សាហ៍ឮចេញពីមាត់លោក សម រង្ស៊ី និង លោក កឹម សុខា នោះគឺតិះដៀលថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារាជរដ្ឋាភិបាលផ្តាច់ការ ឬថា រាជរដ្ឋាភិបាលអសមត្ថភាពក្នុងការដឹកនាំជាដើម ដែលការលើកឡើងនេះ គឺផ្ទុយទាំងស្រុងពីស្មារតី នៃវប្បធម៌សន្ទនា។
ទន្ទឹមនិងការប្រើសង្រ្គាមសម្តីវាយប្រហារហើយ គណបក្សប្រឆាំង ក៏ឆ្លៀតឆ្កឹះរឿងព្រំដែន ជាពិសេសការប្រើប្រាស់ផែនទីរបស់រាជរដ្ឋាភិបាល សម្រាប់បោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម មកវាយប្រហាររាជរដ្ឋាភិបាលផងដែរ បើទោះបីមានការផ្ទៀងផ្ទាត់ផែនទីជាសាធារណៈជាមួយផែនទីយកពីអង្គការសហប្រជាជាតិ និងប្រទេសបារាំងយ៉ាងណាក្តី ក៏មិនអាចបញ្ឈប់ការវាយប្រហាររបស់គណបក្សសង្រ្គោះជាតិនោះឡើយ។
ផ្តើមចេញពីការវាយប្រហារជាបន្តបន្ទាប់ បានធ្វើឲ្យវប្បធម៌សន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី បានឈានការប្រេះឆា និងត្រូវសន្មត់បិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាថ្ងៃដែលលោក សម រង្ស៊ី បានរត់ចេញពីប្រទេសកម្ពុជា គេចចេញពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច ក្នុងសំណុំរឿងបរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
បន្ទាប់ពីវប្បធម៌សន្ទនាត្រូវបានបែកបាក់ក្រោមសង្រ្គាម ស្វែងរកប្រជាប្រិយភាពរបស់មេដឹកនាំបក្សប្រឆាំង ញ៉ាំងឲ្យមានបញ្ហាជាច្រើនកើតមានទៅលើ គណបក្សសង្រ្គោះជាតិ ដូចជាការចាប់ខ្លួនសកម្មជន និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាបន្តបន្ទាប់ក្នុងសំណុំរឿងបង្កអំពើហិង្សា ទៅលើសន្តិសុខសាលាខណ្ឌដូនពេញ និង សំណុំរឿងព្រំដែនកម្ពុជា-វៀតណាម។
ដំណាក់កាលវិវឌ្ឍន៍ចុងក្រោយ ដែលនាំឲ្យគណបក្សសង្រ្គោះជាតិស្លន់ស្លោចង់ឲ្យវប្បធម៌សន្ទនាតភ្ជាប់ឡើងវិញនោះ គឺការប្រឈមមុខទៅនឹង ផ្លូវច្បាប់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលផ្តើមចេញពីសំណុំរឿងអាស្រូវផ្លូវភេទជាមួយកញ្ញា ខុម ចន្ទតារាទី ហៅស្រីមុំ។ សំណុំរឿងអាស្រូវស្នេហានេះ លោក កឹម សុខា ត្រូវបានស្រីមុំប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់ ៣០ម៉ឺនដុល្លារ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក កឹម សុខា ឲ្យចូលខ្លួនទៅបំភ្លឺលើសំណុំរឿងសញ្ចារកម្មនេះ ចំនួនពីរដង តែលោក កឹម សុខា បានក្រាញននៀលមិនចូលបំភ្លឺរហូតនាំឲ្យមានការតាមចាប់ខ្លួនពីសមត្ថកិច្ច។ សំណុំរឿងកើតចេញពីអាស្រូវស្នេហ៍នេះ បាននឹងកំពុងរួមរឹត ហើយធ្វើឲ្យលោក កឹម សុខា ជាប់ក្នុងទីស្នាក់ការបក្សសង្រ្គោះជាតិអស់រយៈពេលជាងកន្លះខែមកហើយ ដោយយកអ្នកគាំទ្រធ្វើជារនាំងប្រឆាំង នឹងការអនុវត្តច្បាប់របស់តុលាការ។
បន្ទាប់ពីមើលឃើញស្ថានភាពរបស់បក្សអាចនឹងគ្មានលទ្ធផលល្អប្រសើរ ប្រសិនបើបន្តឲ្យមេបក្សរបស់ខ្លួនត្រូវជាប់គាំងបែបនេះ គណបក្សសង្រ្គោះជាតិ នៅក្នុងខែមិថុនា នេះ បានបង្ហើតម្រុយលំឱនកាយចំនួនពីរដងហើយ ចង់មានការជួបសន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងវប្បធម៌សន្ទនា ក៏ដូចជាដោះស្រាយបញ្ហានយោបាយ។
ការលំឱនខ្លួនចង់ចាប់យកវប្បធម៌សន្ទនារបស់គណបក្សសង្រ្គោះជាតិ គឺពិតជាគួរឲ្យសាទរខ្លាំងពីម្ចាស់ឆ្នោត តែគណបក្សសង្រ្គោះជាតិ គួរតែ បែងចែកឲ្យបានច្បាស់សម្រាប់ការសន្ទនានេះថា តើជាការសន្ទនា ដើម្បីស្វែងរកប្រយោជន៍សម្រាប់ជាតិ ឬ ជាការសន្ទនា សម្រាប់ការពារបុគ្គល ដែលប្រព្រឹត្តល្មើសនឹងច្បាប់?
បើសិនការចង់សន្ទនា ដើម្បីស្វែងរកយន្តការឲ្យលោក កឹម សុខា រួចផុតពីសំណាញ់ច្បាប់ គណបក្សសង្រ្គោះជាតិ មិនគួរធ្វើនោះឡើយ ដោយ យោងទៅលើហេតុផលមួយចំនួនរួមមាន៖
១. សំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ដែលក្នុងនាមគាត់ជាមេដឹកនាំបក្សនយោបាយ និងជាតំណាងរាស្រ្តមួយរូបផងនោះ វាមិនមែនជារឿងសាមញ្ញនោះឡើយ វាបានក្លាយទៅជាគំរូអាក្រក់នៅក្នុងសង្គមខ្មែរ ដែលមានទំនៀមទម្លាប់ស្អប់ខ្ពើមទង្វើផិតក្បត់ ឬសាហាយស្មន់។ ត្បិតថា មានអ្នកគាំទ្រខ្លះមិនបានប្រកាន់ទោសចំពោះរឿងអាស្រូវផ្លូវភេទ ដោយគិតថា ជាសាមញ្ញភាពរបស់បុរសក្តី តែក៏នៅមានប្រជាពល រដ្ឋខ្មែរជាច្រើនមិនអាចទទួលយកបាននោះឡើយ ព្រោះពួកគេគិតថា វាជាការជាន់ឈ្លីធ្ងន់ធ្ងរដល់តម្លៃនារីខ្មែរ។
២. ប្រសិនបើសំណុំរឿងរបស់លោក កឹម សុខា ត្រូវបានដោះស្រាយបញ្ចប់តាមរយៈការសន្ទនានោះ វាជាការបង្ហាញឲ្យឃើញពីការប្រើនូវវប្បធម៌និទណ្ឌភាព ដែលប្រជាពលរដ្ឋខ្មែរ កំពុងប្រយុទ្ធប្រឆាំង និងស្អប់ខ្ពើមខ្លាំង។
៣. ជាការបង្ខូចតម្លៃ នៃវប្បធម៌សន្ទនា ដែលបង្កើតឡើងដោយថ្នាក់ដឹកនាំកំពូលរបស់គណបក្សនយោបាយទាំងពីរ។ វប្បធម៌សន្ទនា ត្រូវបានចាត់ទុកថា ជាវប្បធម៌សម្រាប់ដោះស្រាយបញ្ហារបស់ជាតិធំៗ តែមិនមែនដោះស្រាយលើបញ្ហាអ្នកនយោបាយ ជាពិសេសរឿងអាស្រូវផ្លូវភេទនោះឡើយ។
ជារួមប្រសិនបើមានការជួបគ្នាជាថ្មី ដើម្បីពង្រឹងវប្បធម៌សន្ទនាមែននោះ ក្រុមការងារគណបក្សនយោបាយទាំងពីរត្រូវតែបែងចែក និងញែកឲ្យដាច់ពីគ្នារវាងផលប្រយោជន៍ជាតិ និងប្រយោជន៍បុគ្គល មិនគួរធ្វើឲ្យវប្បធម៌សន្ទនានេះក្លាយជាល្បែងឡប់ឡែការពារទង្វើអសីលធម៌ ក្នុងសង្គមរបស់អ្នកនយោបាយនោះឡើយ។ គណបក្សសង្រ្គោះជាតិ គួររកបេក្ខភាពថ្មី ដើម្បីបន្តចរន្តសន្ទនា ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជាតិ ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដោយគោរពតាមស្មារតី នៃវប្បធម៌សន្ទនា ដែលបានបង្កើតឡើងនៅថ្ងៃទី២២ កក្កដា ២០១៤ ដែលជាស្មារតី ផ្តល់ប្រយោជន៍សម្រាប់ជាតិ។
សម្រាប់បញ្ហាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ គួរតែព្យាយាមធ្វើទៅតាមប្រព័ន្ធតុលាការ ដោយចូលទៅឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រម និង គួររកសំអាងហេតុនានា ដើម្បីតតាំងក្តី ប្រសិនបើលោកពិតជាស្អាតស្អំ ឬមិនជាប់ពាក់ព័ន្ធក្នុងសំណុំរឿងអាស្រូវផ្លូវភេទទេនោះ។ ការធ្វើបែបនេះ ក៏ជាការរក្សាតម្លៃរបស់គណបក្សសង្រ្គោះជាតិ ហើយលោក កឹម សុខា ខ្លួនឯងក៏មានឈ្មោះថា ជាមេដឹកនាំក្លាហានហ៊ានទទួលខុសត្រូវ និងមិនគេចវេសពីទង្វើ ដែលខ្លួនបានប្រព្រឹត្ត៕