(ភ្នំពេញ)៖ សម្តីប្រមាថព្រះចេស្តា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានធ្វើឱ្យកំហឹងរបស់ប្រជាពលរដ្ឋខ្មែរនៅតែបន្តឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។
សម្តីប្រមាថដ៏ជូរជាតិរបស់ទណ្ឌិតពូជក្បត់ជាតិតពូជពង្សតាំងពីជីតាមកនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបាននោះឡើយ។ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ដែលមិនអាចជនណាបំពារបំពាន ឬប្រមាថមើលងាយបាននោះឡើយ។ បន្ថែមពីលើនោះប្រជាពលរដ្ឋកម្ពុជា បានតម្កល់នូវសេចក្តីគោរព និងស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គព្រះមហាក្សត្រ។
សម្រាប់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ចាប់តាំងពីព្រះអង្គបានយាងឡើងគ្រងរាជតាំងពីឆ្នាំ២០០៤ ព្រះអង្គបានបំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចយ៉ាងខ្ជាប់ទៅតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ បានគង់ប្រថាប់ជាម្លប់យ៉ាងត្រជាក់ត្រជុំសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសក្រោមម្លប់ព្រះបារមី របស់ព្រះអង្គ បានធ្វើឱ្យជាតិកម្ពុជា ស្ថិតនៅក្នុងសុខសន្តិភាព និងវឌ្ឍនភាព។ ប្រជាពលរដ្ឋខ្មែររស់ នៅក្នុងភាពសុខដុមប្រកបដោយក្តីសប្បាយរីករាយ។
លោក ខឹម ចាន់នឿន មន្ត្រីសាលាខេត្តកំពង់ឆ្នាំង បានលើកឡើងថា លោកមិនអាចទទួលយកបាននោះឡើយ ចំពោះសម្តីបែបអវិជ្ជារបស់ទណ្ឌិត សម រង្ស៉ី។ លោក ចាន់នឿន ចាត់ទុកសម្តីទណ្ឌិត សម រង្ស៉ី ជាការប្រមាថយ៉ាងធ្ងន់បំផុតលើព្រះចេស្តាព្រះមហាក្សត្រ ដែលមិនអាចលើកលែងបាននោះឡើយ។
មន្ត្រីសាលាខេត្តកំពង់ឆ្នាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំពិតជាមិនពេញចិត្ត និងមិនអាចទទួលយកបានឡើយ នូវអ្វីដែលទណ្ឌិត សម រង្ស៉ី បានលើកឡើងចំពោះព្រះមហាក្សត្រដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គតាំងពីបានយាងគ្រងរាជសម្បត្តិ តែងតែផ្តល់នូវភាពសុខសាន្ត និងភាពសុខដុមរមនា។ ព្រះអង្គបានដើរតួយ៉ាងសំខាន់ ជាអង្គព្រះមហាក្សត្រដែលគង់នៅជាកណ្តាល ដោយមិនប្រកាន់បក្សនយោបាយណាមួយនោះឡើយ»។
លោក ចាន់នឿន បានមើលឃើញថា អ្វីដែលទណ្ឌិត សម រង្ស៉ី លើកឡើងនេះ ក៏ព្រោះតែគេខឹងនឹងអង្គព្រះមហាក្សត្រមិនគាំទ្រសកម្មភាពនយោបាយរបស់ពួកគេ ដែលជាសកម្មភាពនយោបាយនាំឱ្យជាតិអន្តរាយនោះ។
លោក ចាន់នឿន ក៏បានមើលឃើញផងដែរថា សម្តី និងទង្វើរបស់ទណ្ឌិត សម រង្ស៉ី ជាការបង្ហាញឱ្យឃើញនូវភាពរមិលគុណរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលទាំងរូបខ្លួន និងឪពុក សុទ្ធតែជាមនុស្សធ្លាប់ទទួលគុណបំណាច់ ពីព្រះរាជវង្ស ជាពិសេសអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
«អ្វីដែលជាការថ្លែងរបស់ សម រង្ស៉ី គឺជាការរមិលគុណ ជាសណ្តានជនរមិលគុណតពូជតពង្សតាំងពីឪរបស់ខ្លួនមក។ [...] យើងខ្ញុំជាមន្ត្រីរាជការមិនអាចទទួលយកបាននូវអ្វីដែលជាទង្វើដ៏ខុសឆ្គងរបស់ទណ្ឌិត សម រង្ស៉ី បាននោះឡើយ»។ នេះជាការបញ្ជាក់របស់លោក ចាន់នឿន។
លោក អ៉ី សារី ប្រជាពលរដ្ឋស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏បានខឹងសម្បាជាខ្លាំងផងដែរ ចំពោះសម្តីប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ដែលលោកគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅនោះ។ ពលរដ្ឋស្រុកបរិបូរណ៌រូបនេះ បានប្រកាសថ្កោលទោសចំពោះទង្វើរបស់ទណ្ឌិតរូបនេះ ថែមទាំងប្រកាសឱ្យច្បាប់ដាក់ទោសឱ្យបានធ្ងន់ធ្ងរជាទីបំផុត។
លោក សារី បានលើកឡើងយ៉ាងដូច្នេះ «ពេលខ្ញុំឮខ្សែអាត់សំឡេងនេះ ខ្ញុំជាពលរដ្ឋមួយរូប ខ្ញុំខឹងមែនទែន។ ខ្ញុំខឹងមែនទែន ខ្ញុំមិនគាំទ្រនូវទង្វើដ៏ថោកទាបនេះទេ។ ខ្ញុំស្នើសុំប្រព័ន្ធតុលាការចាត់ការតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរទៅទណ្ឌិតក្បត់ជាតិរូបនេះ»។
លោក ហ៉ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានចាត់ទុកសម្តីទណ្ឌិត សម រង្ស៉ី ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានចែងថា អង្គព្រះមហាក្សត្រគ្មានជនណាមួយអាចប៉ះពាល់ ឬរំលោភបំពានបាននោះឡើយ។ លោកអភិបាលក្រុង បានថ្កោលទោសដាច់អហង្ការចំពោះសម្តីរបស់ទណ្ឌិត សម រង្ស៉ី។
នៅក្នុងពិធីចែកស្រូវពូជជូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហៅសម្តីរបស់ទណ្ឌិត សម រង្ស៉ី ជាចេតនាមួយផ្តួលរំលំរបបរាជានិយម។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ក្រោកឈរឡើងថ្កោលទោសទង្វើរបស់ទណ្ឌិត សម រង្ស៉ី និងរួមគ្នាការពារនូវសុខសន្តិភាពកំពុងគ្របដណ្តប់លើដែនដីកម្ពុជា។
លោក ខឹម ចាន់នឿន បានប្រកាសគាំទ្រពេញទំហឹងនូវសាររបស់សម្តេចតេជោ ដោយការពារឱ្យបាននូវសុខសន្តិភាពនៅកម្ពុជានេះ។ សម្រាប់លោក ចាន់នឿន សុខសន្តិភាពមានសារៈសំខាន់ណាស់ដំណើរការអភិវឌ្ឍជាតិ ជាពិសេសធានានូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
លោក ចាន់នឿន បង្ហាញការប្រឆាំងដាច់ខាតនូវនយោបាយជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៉ី។ មន្ត្រីរាជការខេត្តកំពង់ឆ្នាំងរូបនេះ បានមើលឃើញថា នយោបាយជ្រុលនិយមដែលនាំដល់ចលាចលក្នុងសង្គមជាតិ នឹងនាំដល់ការអន្តរាយជាតិ និងមិនអាចផ្តល់ក្តីសុខក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋនោះឡើយ៕