(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់កម្មករកម្មការិនីរោងចក្រ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានអន្តរាគមន៍ យករថយន្តជួយបាញ់ពន្លត់ បន្ទាប់ពីមានអគ្គីភ័យឆេះក្នុងរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ សង្ស័យឆ្លងចរន្តអគី្គសនី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីព្រឹក ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា រោងចក្រដែលត្រូវអគី្គភ័យឆាបឆេះគឺនៅរោងចក្រ XDS (រោងចក្រផលិតទោចក្រយានយន្ត) ចំពោះសម្ភារៈដែលខូចខាតរួមមានឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានថាមានករណីឆេះរោងចក្រភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងការិយាល័យជំនាញ កម្លាំងកងរាជអាវុធហត្ថ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្មកររោងចក្រ ធ្វើការអន្តរាគមន៍ជួយបាញ់ដោយបំពង់ពន្លត់អគ្គីភ័យ និងប្រព័ន្ធ ទុយោទឹកក្នុងរោងចក្រ។

ក្រោយពីអន្តរាគមន៍ជួយបាញ់ពន្លត់រហូតដល់រលត់ទាំងស្រុងនៅវេលា ម៉ោង១០៖៣៥នាទី មិនមានអ្នករងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតសម្ភារ និងឧបករណ៍ប្រើប្រាស់មួយចំនួនតែប៉ុណ្ណោះ ដោយសារមូលហេតុឆ្លងចរន្តអគ្គីសនី៕