(កំពត)៖ ដោយមើលឃើញពីទុក្ខលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពីកងកម្លាំងរបស់ខ្លួននោះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បាននាំយកអំណោយ និងថវិការបស់សម្តេចក្រឡាហោម ស ខេង និងអគ្គស្នងការនគរបាលជាតិ ទៅប្រគល់ជូនមន្រ្តីនគរបាល និងនគរបាលចូលនិវត្តន៍២នាក់ នៅស្រុកជុំគិរី។
លោកឧត្តមសេនីយ៍ស្នងការ បានចុះទៅជួបសំណេះសំណាល ដោយផ្ទាល់ជាមួយលោក ម៉ាន់ ជ្រឿន អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ដែលជាមន្រ្តីនគរបាលប៉ុស្តិស្នាយអញ្ជិត ស្រុកជុំគីរី ហើយមានជំងឺប្រចាំកាយ។
មន្រ្តីនគរបាលរូបនេះបានទទួល អំណោយរួមមាន ថវិកាសម្តេចក្រឡាហោម ២០ មឺុនរៀល និង អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន ចំនួន ២០ មឺុនរៀលផងដែរ បូករួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
ក្រោយជួបជាមន្រ្តីនគរបាលរូបនេះលោកស្នងការ បានបន្តទៅជួបជាមួយ លោក សឹម សន អាយុ៥៩ឆ្នាំ រស់នៅភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ដែលជាមន្រ្តីនគរបាលចូលនិវត្តន៍តាំងពីឆ្នាំ១៩៩៤។ បើតាមលោកស្នងការ កាលនោះគាត់មានឋាន: ជាកម្មាភិបាល ហើយជាជនពិការក្នុងអំឡុងឆ្នាំ១៩៩៣។
បច្ចុប្បន្ន គាត់ចូលនិវត្តន៍ហើយ និងធ្លាប់មាន ប្រវត្តិតស៊ូប្រយុទ្ធរាប់មិនអស់ រហូតបណ្តាលឲ្យពិការដោយសារសង្គ្រាម។ សម្រាប់មន្រ្តីចូលនិវត្តន៍រូបនេះ ក៏ទទួលបានថវិកា២០មឺុនរៀលរបស់សម្តេចក្រឡាហោម និង២០មឺុនរៀលពីនាយឧត្តមសេនីយ៍ នេត សាវឿន ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀតផងដែរ៕