(ភ្នំពេញ)៖ លោក ចាន់ សុខុន ជំទប់ទី២ គណបក្សភ្លើងទៀន នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចេញសារថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងសារថ្កោលទោសនេះ លោក ចាន់ សុខុន បានគូសបញ្ជាក់ថា «យើងខ្ញុំសមាជិកសមាជិកាគណបក្សភ្លើងទៀនទាំងមូល ទូលព្រះបង្គំយើងខ្ញុំ ពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថ ម្ដងហើយម្ដងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើអង្គព្រះមហាក្សត្រ។ យើងខ្ញុំ សូមថ្កោលទោសយ៉ាងដាច់អហង្កាបំផុតចំពោះ [ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី] ដែលថ្លើមធំពាសមេឃហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ»

លោក ចាន់ សុខុន បានលើកឡើងថា ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

ជំទប់ទី២ មកពីបក្សភ្លើងទៀនរូបនេះ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតទៅលើជនក្បត់ជាតិ ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថអង្គព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។

លោក ចាន់ សុខុន បានអះអាងថា សមាជិក សមាជិកាគណបក្សភ្លើងទៀនទាំងមូល ប្រកាសជាឱឡារិកគាំទ្រ គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្ត ពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូលនិងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។

លោក ចាន់ សុខុន ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមន៍វិជ្ជា នៃនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។

ជាការកត់សម្គាល់សេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៉ី ពីសំណាក់ជំទប់ទី២បក្សភ្លើងទៀន នៅឃុំអន្លង់វែង បានកើតមានឡើងបន្ទាប់ពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់ បក្សភ្លើងទៀនចេញថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី។

ក្នុងពិធីចែកពូជស្រូវជនប្រជាកសិករនៅខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានអំពាវនាវឱ្យក្រុមប្រឹក្សាឃុំ/សង្កាត់បក្សភ្លើងទៀន ចេញមកថ្កោលទោសទង្វើទណ្ឌិត សម រង្ស៉ី ដោយកុំខ្លាចរអារឿងបក្សដកតំណែងនោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ថា បក្សភ្លើងទៀន មិនអាចដកតំណែងក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន បាននោះឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេនោះ។

នៅក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏រង់ចាំមើលសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន ចំពោះសម្តីទណ្ឌិត សម រង្ស៉ី ផងដែរ។ សម្រាប់សម្តេចតេជោ បើបក្សភ្លើងទៀនមិនថ្កោលទោសទណ្ឌិត សម រង្ស៉ី ទេនោះ ស្មើនឹងបក្សនេះកំពុងគាំទ្រទង្វើប្រមាថព្រះមហាក្សត្ររបស់ទណ្ឌិតក្បត់ជាតិ ដែលជាស្ថាបនិកបក្សភ្លើងទៀន៕