(ភ្នំពេញ)៖ ក្រុមយុវជនទំពាំងស្នងឬស្សី នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមការណែនាំផ្ទាល់ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីដាំដើមឈើនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី កោះដាច់ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។
ពិធីនេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឈួរ ឈុនហួរ ប្រធានជំនាន់ទី១ យុវជនទំពាំងស្នងឬស្សី តំណាងលោក សាយ សំអាល និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនេះដែរ លោក ឈួរ ឈុនហួរ បានលើកឡើងថា ពិធីដាំកូនចំនួន១៣៦ដើមនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបណ្ដុះទឹកចិត្តយុវជនជំនាន់ក្រោយ ឱ្យចេះស្រលាញ់បរិស្ថាន ស្រលាញ់ធម្មជាតិ ស្រលាញ់ព្រៃឈើ ហើយត្រូវស្អប់ការកាប់បំផ្លាញ់ព្រៃឈើ និងចូររួមដាំដើមឈើដើម្បីបិរស្ថានទាំងអស់គ្នា។ លោកបានបន្ដថា «មនុស្សយើងម្នាក់ៗមិនអាចរស់មាននោះទេ ប្រសិនបើគ្មានធម្មជាតិ និងបរិស្ថាន»។
បន្ថែមពីនេះ ក្រុុមយុវជនទំពាំងស្នងឬស្សី ក៏បានចែករំលែកបទពិសោធន៍នៃការសិក្សាដល់ ក្រុមសិស្សានុសិស្ស ដែរបានចូលរួមផងដែរ និងជូនពរឱ្យប្អូនថ្នាក់ទី១២ដែលត្រូវប្រលងនាពេលខាងនេះ អាចបានជាប់គ្រប់ៗគ្នា។
ជាងចុងបញ្ចប់នៃកម្មវិធី ថ្នាក់ដឹកនាំនៃក្រុមយុវជន បានចែកជូនអំណោយជា សៀវភៅ ប៊ិច ដល់ប្អូន និងថតរូបទៅជាអនុស្សាវរីយ៍ ព្រមទាំងទទួលទានអាហារសាមគ្គី ដើម្បីបង្កើនចំណងមិត្តភាពផងដែរ។
សូមបញ្ជាក់ថា ក្រុមយុវជនទំពាំងស្នងឬស្សីត្រូវបានបង្កើតឡើង ដោយការបោះឆ្នោតជ្រើសរើស ពីយុវជន ក្នងសង្កាត់ ខណ្ឌ និងតាមមន្ទីរ ក្រសួង ដែរមានសមាជិក១៣៦នាក់។ កន្លងមកក្រុមយុវជននេះ បានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ ហើយការងារទាំងនោះគឺកើតឡើងពីការស្ម័គ្រចិត្ត ដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន៕