(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរ បាលខណ្ឌឫស្សកែវ បានឲ្យភ្នាក់ងារ Fresh News ដឹងថា កម្លាំងនគរបាលរបស់លោក បានបង្ក្រាប និងចាប់ខ្លួនជាក់ស្តែង ជនរក្សាទុក និងជួញដូរគ្រឿងញៀនចំនួន២នាក់ រួមជាមួយថ្នាំ ញៀន១៨កញ្ចប់ផងដែរ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាម ផ្លូវបេតុង ក្បែរវត្តនីរង្សី ក្រុមទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបញ្ជាក់ថា នៅយប់មិញ កម្លាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ បានរៀបចំការទប់ស្កាត់បទល្មើស ដោយប្រើប្រាស់វិធានការល្បាតឆែកត្រួតពិនិត្យលើមធ្យោបាយធ្វើដំណើរផ្សេងៗនិងសមាសភាពត្រូវសង្ស័យតាមបណ្តាផ្លូវលំឫជាតិលេខ៥ និងតាមបណ្តាភូមិនាៗក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវទាំងមូល ក៏ព្រោះតែជារដូវកាលព្រឹត្តការណ៍ការប្រកួតបាល់ទាត់នៅទ្វីបអឺុរ៉ុប។
ប្រតិបត្តិការ ដែលសហការជាមួយ គណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវផងនោះ ទើបកម្លាំងសមត្ថកិច្ចបាន បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងរក្សាទុកជួញដូរថ្នាំញៀនចំនួន២នាក់ដោយរកឃើញដកហូតថ្នាំញៀនចំនួន១៨កញ្ចប់ សង្ស័យជាប្រភេទម៉ាទឹកកករួម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានបញ្ជាក់ទៀតថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធជួញ ដូរថ្នាំញៀនទី១ ឈ្មោះ រស់ សារិន ហៅអាក្រិន អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ រី ថារ៉ូ ហៅអាត្រូ អាយុ២៦ឆ្នាំ។
លោកអធិការ ទៀង ច័ន្ទសារ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ជនត្រូវសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបាន បញ្ជូនទៅឃុំខ្លួនសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់តាមនិតិវិធី ៕