(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងរបស់លោក បានបង្ក្រាបករណីគ្រឿងញៀនទៀតហើយ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ ថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង។
ករណីបង្ក្រាបគ្រឿងញៀនខាងលើត្រូវបានធ្វើឡើងនៅវេលាម៉ោង៦៖២០នាទីយប់ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សូមបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានដាក់គោលដៅបន្តយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនសហការ និងកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍មូលដ្ឋានស្ទើរៀងរាល់យប់និងបង្ក្រាបបានករណីជួញដូរ ក៏ដូចជាករណីប្រើប្រាស់នូវសារធាតុញៀនជាច្រើនករណីជាពិសេសភាគច្រើនគោលដៅតាមបណ្ដោយផ្លូវជាតិលេខ៦Aតែម្ដង ។
ជាក់ស្ដែងនៅយប់មិញនេះ ខណៈដែល កម្លាំងល្បាតរបស់ នគរបាលខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនជនត្រូវសង្ស័យចំនួន៦នាក់ដោយរកឃើញដកហូតថ្នាំញៀនចំនួន៣កញ្ចប់សង្ស័យជាម៉ាទឹកកក ដែលជនទាំងនេះបានរក្សាទុកធ្វើសកម្មភាពជក់រួមជាមួយគ្នារួមទាំងដកហូតមធ្យោបាយធ្វើដំណើររបស់ជនត្រូវជាប់សង្ស័យមានម៉ូតូចំនួន៣គ្រឿងផងដែរ ។
លោក ឯក សេរីវុធ បានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួន៖ទី១-ឈ្មោះ ម៉ៅ ប៊ុនឈឿន ភេទប្រុស អាយុ២៤ឆ្នាំ និងទី២-ឈ្មោះ លឹម ឡុង ភេទប្រុស អាយុ២៣ឆ្នាំ ជនត្រូវសង្ស័យទាំង២នាក់ ខាងលើស្នាក់នៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ ទី៣-ឈ្មោះ ខាន់ បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ និង ទី៤-ឈ្មោះ ឃិន សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនត្រូវ សង្ស័យទាំង២នាក់ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះ ដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ទី៥-ឈ្មោះ ពុធ តូនី ភេទប្រុស អាយុ២១ឆ្នាំ និងទី៦-ឈ្មោះ ពុធ ប៉ូលីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ផ្លូវលំ ភូមិព្រែកកុយ ឃុំ ព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជនត្រូវជាប់សង្ស័យទាំង៦នាក់ មានមុខរបរជាកម្មករសំណង់ដូចគ្នា។
លោក ឯក សេរីវុធ បានបន្តថា បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យរក្សាទុកនិងប្រើប្រាស់ថ្នាំញៀនរួមជាមួយវត្ថុតាង ត្រូវបញ្ជូន ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីបន្តនិតិវិធីតាមអយ្យការសាលាដំបូងរាជធានីភ្នំពេញ ៕