(តាកែវ)៖ ប្រជាពលរដ្ឋចំនួន២៧៣៥នាក់ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះដឹកនាំដោយលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ពេជ្រ សោភ័ន និងក្រុមការងារចុះជួយស្រុកព្រៃកប្បាសនិងអជ្ញាធរដែនដីនិង យុវជន និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។
អភិបាលស្រុកព្រៃកប្បាសបានឱ្យដឹងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចុះជួយពីសំណាក់ក្រុមការងារចុះជួយស្រុកព្រៃកប្បាស សេវាសុខភាពសាធារណៈ នៃវិស័យសុខាភិបាល និងហេដ្ឋារចនាសម្ព័ននៅក្នុងស្រុក បាននឹងកំពុងត្រូវអភិវឌ្ឍ ឱ្យមានការរីកចំរើនដើម្បីឆ្លើយតប និងតំរូវការរបស់ប្រជាពលរដ្ឋ តាមរយៈនៃការផ្តល់សេវាសុខភាពធារណៈជូនប្រជាពលរដ្ឋនៅក្របខណ្ឌទូទាំងស្រុក។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ប្រមុខរាជរដ្ឋាភិបាលបាននឹងកំពុងគិតគូពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខភាពប្រជាពលរដ្ឋ តាមរយៈការចុះព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃតាមបណ្តាខេត្តផ្សេងៗ។
ជាក់ស្តែងថ្ងៃនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យព្យាបាលជំងឺទូទៅពិនិត្យស្ត្រីដែលមានផ្ទៃពោះ ពិនិត្យព្យាបាលរោគស្រ្តី និងវះកាត់ ព្យាបាលជម្ងឺមាត់ធ្មេញ ដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាស ខេត្តតាកែវ នាពេលនេះដែលជាសកម្មភាពមនុស្សធម៌នៅលើទឹកដីខេត្តខេត្តតាកែវ។
លោក ពេជ្រ សោភ័ន ប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូចំពោះជីវភាពរស់នៅនិងសុខភាពប្រជាពលរដ្ឋតាមរយៈការចុះព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃនាពេលនេះក្នុងន័យចង់ឱ្យប្រជាពលរដ្ឋរស់នៅបានសុខ។
លោកបានថ្លែងអំណរគុណសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះព្យាបាលប្រជាពលរដ្ឋប្រកបដោយទឹកចិត្តសប្បុរសធម៌ ដោយមិនគិតថ្លៃ និងមិនប្រកាន់និន្នាការអី្វទាំងអស់ គឺសមាគមនេះបានជួយផ្តល់ស្នាមញញឹមថ្មីជូនប្រជាពលរដ្ឋដែលជួបការលំបាក។
សកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស នាថ្ងៃនេះមានដូចជា បានពិនិត្យព្យាបាលជំងឺទូទៅចំនួន១៧៧១នាក់ វះកាត់តូចចំនួន១០នាក់ ព្យាបាលជំងឺមាត់ធ្មេញចំនួន១៨៤ ពិនិត្យនិងព្យាបាល ច្រមុះ បំពង់កចំនួន ៧២នាក់ ពិនិត្យអេកូ និងរោគស្ត្រី ៦០នាក់ ពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះបានចំនួន ១៥៣នាក់ ព្យាបាលឬសដូងបាត និងបានបញ្ជូនព្យាបាលបន្តចំនួន៩៧នាក់ ពិនិត្យឈាមចំនួន៣០នាក់ សរុបចំនួន២៧៣៥នាក់។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានទទួលបានពិនិត្យនិងព្យាបាល ក៍បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានគោរពថ្លែងអំណរគុណចំពោះសកម្មភាព របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលតែងតែយកចិត្តទុកដាក់ព្យាបាលប្រកបដោយទឹកចិត្តមនុស្សធម៌ដ៍ថ្លៃថ្លានិងប្រកបដោយសីលធម៌វិជ្ជាជីវៈខ្ពស់ដោយផ្តល់នូវស្នាមញញឹមថ្មី និងសុភមង្គលដល់ប្រជាពលរដ្ឋ។
គួបញ្ជាក់ផងដែរថា នេះគឺជាសកម្មភាពមនុស្សធម៌លើកទី២ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកព្រៃកប្បាស។ លើសពីនេះសមាគមក៏បានបញ្ជូនប្រជាពលរដ្ឋ ដែលមានធ្ងន់ធ្ងរមកព្យាបាលបន្តនៅភ្នំពេញ ហើយទទួលបានការវះកាត់ ដោយជោគជ័យក្រោមការឧបត្ថម្ភដ៍ថ្លៃថ្លារបស់សម្តេចតជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ នៅក្នុងឱកាសនោះដែរ សមាគមក៏បានផ្តល់រទេះរុញដល់កុមារីដែលមានពិការភាពតាំងពីកំណើតផងដែរ៕