(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀន ត្រូវចេញមុខឆ្លើយតប ឬថ្កោលទោសចំពោះសម្តីប្រមាថរបស់ទណ្ឌិត សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រ និងនាំគ្នាចាកចេញទៅកាន់បក្សដទៃ ព្រោះបក្សនេះអាចប្រឈមនឹងការរំលាយ ព្រោះធ្លាប់ពាក់ព័ន្ធនឹងជនក្បត់ជាតិ៣ជំនាន់។
ការផ្ញើសារបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករ ៣,៤៦០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។
ពាក់ព័ន្ធការនឹងការផ្ញើសារឲ្យសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀន ចេញមុខថ្កោលទោសចំពោះសម្តីប្រមាថរបស់ទណ្ឌិត សម រង្ស៉ី, ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានមានការដោះដូរណាមួយអាចធ្វើទៅរួចទេ បើរដ្ឋមន្ត្រីមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង មិនព្រមដោះដូរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយខ្ញុំក៏សូមបញ្ជាក់អ្នកដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំក្តី ជាជំទប់ក្តី ជាសមាជិកអាចចាកចេញមក ដើម្បីនឹងនិយាយផ្ទាល់ខ្លួន (ឆ្លើយតបចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៉ី) ព្រោះធ្វើការជាមួយគណបក្សប្រជាជន ព្រោះកន្លែងខ្លះមាន៧កៅអី ហើយគណបក្សប្រជាជនមាន៦កៅអី គណបក្សភ្លើងទៀនមាន១កៅអី ឥឡូវបើ៦នាក់ ការពារព្រះមហាក្សត្រ ម្នាក់ឯងអត់ការពារព្រះមហាក្សត្រ តើត្រូវធ្វើម៉េច? ហើយខ្ញុំធានាថា គ្មានមានការដោះដូរណាមួយអាចធ្វើទៅរួចទេ បើរដ្ឋមន្ត្រីមហាផ្ទៃ ស ខេង មិនព្រមដោះដូរ ព្រោះនេះគឺជាសិទ្ធិដើម្បីការពារព្រះមហាក្សត្រ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីបក្សភ្លើងទៀន សូមកុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្តារៈដ៏ខ្ពស់ខ្ពស់របស់ប្រជានុរាស្ត្រខ្មែរគ្រប់រូប។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដូច្នេះ សូមសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សភ្លើងទៀន ត្រូវស្វែងយល់ឱ្យច្បាស់ ចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថលើព្រះចេស្តាព្រះមហាក្សត្រ ម្តងហើយម្តងទៀត ហើយការចេញមកមុខមកថ្កោលទោសជនក្បត់ជាតិរូបនេះ វាគឺជាសិទ្ធិការពារព្រះមហាក្សត្រពីសំណាក់ប្រពលរដ្ឋខ្មែរគ្រប់រូប។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា៖ «អញ្ចឹងទេបញ្ហាដោះដូរបាន មិនមែនគ្រាន់តែអ្នកឯងដេញចេញពីបក្សទេ គឺបញ្ហាស្ថិតនៅត្រង់ថា សម្តេចក្រឡាហោម ស ខេង ចុះហត្ថលេខាឱ្យដូរ ឬអត់ បើទោះបី គ.ជ.ប សម្រេចយ៉ាងម៉េច ក៏ប៉ុន្តែក៏សូមបញ្ជាក់រឿងនេះវាទាក់ទិនជាមួយ នឹងការប្រមាថព្រះមហាក្សត្រ ជេរព្រះមហាក្សត្រ ចោទព្រះមហាក្សត្រ ដូច្នេះ សមាជិក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន អាចចាកចេញរក្សាតួនាទីនៅក្នុងនោះ ដោយរដ្ឋមន្ត្រីមហាផ្ទៃមិនចុះហត្ថលេខាឱ្យធ្វើការផ្លាស់ប្តូរ»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅសមាជិក សមាជិកាក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនថា ប្រសិនករណីខ្លួនត្រូវបានបណ្តេញចេញគណបក្ស ជុំវិញការចេញមុខមកថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើ ព្រះចេស្តាព្រះមហាក្សត្រ នោះសូមបញ្ជាក់ទៅវិញថា ការបណ្តេញចេញនេះ គឺខុសព្រោះអ្វីដែលខ្លួនបាននិយាយ គឺរឿងការពិត។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់បន្ថែមទៀតថា «ព្រះមហាក្សត្រ ព្រះអង្គនឹងមិនតបតទេ ព្រះរាជវង្សានុវង្សនឹងមិនតបតទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាល ចាំបាច់ត្រូវតែធ្វើការតបត បណ្តាគណបក្សនយោបាយនានាៗ រាប់ទាំងគណបក្សភ្លើងទៀន ផងដែរ ត្រូវតែធ្វើការតបត ដើម្បីការពារព្រះមហាក្សត្ររបស់យើង យើងមិនអាចនៅស្ងៀមបានទេលើរឿងនេះ ហើយរឿងនេះវានឹងក្លាយជាសំណុំរឿងដ៏ស៊ាំញាំ ហើយមានលទ្ធភាពដែលបក្សខ្លះអាចរលាយ ក៏អាចថាបានប្រសិនបើគេធ្វើសកម្មភាពស្របតាមសកម្មភាពរបស់ជនក្បត់»។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ៗថា ដំណើរការលទ្ធិប្រជាធិបតេយ្យ មិនអាចឱ្យអ្នកឯងប្រមាថលើព្រះមហាក្សត្របាននោះទេ ហើយក៏មិនអាចឱ្យអ្នកឯង គំរាមប្តូររបប ផ្តួលរំលំរាជរដ្ឋាភិបាល និងបណ្តាញព្រះមហាក្សត្រចេញពីរាជបល្ល័ង្កនោះដែល។
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាជិកបក្សភ្លើងទៀន ចាកចេញពីបក្សទៅកាន់បក្សដទៃ ព្រោះបក្សនេះអាចប្រឈមនឹងការរំលាយ។ ប្រទេសកម្ពុជា កំពុងតាមដំណើរការលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ បែរជាបុគ្គលក្បត់ជាតិរូបនេះ មកជំរុញឱ្យផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រដាប់អាវុធទៅវិញ ដូច្នេះ រឿងនេះមិនអាចទទួលយកបាននោះទេ ត្រូវតែចកម្ចាត់នូវនយោបាយជ្រុលនិយម មនោគមន៍និយម នៃជនក្បត់ជាតិ ៣ជំនាន់នេះ តែម្តង៕