(កំពត)៖ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា និងស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីជំនាញ ចុះទៅពិនិត្យផ្ទាល់ទីតាំងស្ពានបាក់ នៅតាកែនកោះស្លា ស្រុកឈូក ដែលបំផ្លាញដោយរថយន្តឈើទម្ងន់ធ្ងន់ ពេលបើកឆ្លងកាត់ ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅ ជាពិសេសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា «ពេលចុះពិនិត្យនេះ លោកអភិបាលខេត្ត បានបញ្ជាទៅមន្ទីរសាធារណការ និងខាងរដ្ឋបាលព្រៃឈើ ត្រូវស្វែងរកឲ្យឃើញម្ចាស់រថយន្តដឹកឈើដែលបំផ្លាញស្ពាននេះ មកជួសជុលឡើងវិញ។ នៅចំពោះមុខនេះលោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យមន្រ្តីជំនាញ ធ្វើការរឹបអូសឈើនៅលើរថយន្តទាំងអស់ ត្រូវយកទៅធ្វើស្ពានឆ្លងកាត់ជាបណ្តោះអាសន្ន សម្រាប់ប្រជាពលរដ្ឋពីព្រោះ ការចំណាយពេលធ្វើស្ពានដែកឡើងវិញ មានរយ:ពេលយូរ»។
នៅយប់មិញ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រាប់ Fresh News ថា នឹងតាមស្វែងរកម្ចាស់រថយន្ត និងម្ចាស់ឈើ ឲ្យមកសាងសង់ស្ពានឡើងវិញ។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា បើរកម្ចាស់ឃើញ ក្រៅពីការឲ្យសាងសង់ស្ពានឡើងវិញហើយនោះ លោក ក៏នឹងធ្វើការផាកពិន័យចំពោះការដឹកលើសទម្ងន់ទៅតាមច្បាប់ផងដែរ។
សូមបញ្ជាក់ថា រថយន្តយីឌុបដឹកឈើពេញមួយគ្រឿងនៅម៉ោងជាង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានបើក ឆ្លងកាត់ និងធ្វើឲ្យបាក់ស្ពានបាលេ «តារាជ» នៅចំណុចផ្លូវលេខ៤៣ (តាកែនកោះស្លា) ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា ឈើដែលរថយន្តយីឌុបដឹកនោះ មានប្រមាណ ៧០ម៉ែត្រគូប ដឹកចេញពីខេត្តកំពង់ស្ពឺ ឆ្លងចូលមកក្នុងទឹកដីខេត្តកំពត ដោយខុសច្បាប់។
សមត្ថកិច្ចដដែលបញ្ជាក់ថា កំណាត់ផ្លូវលេខ៤៣ ដែលរថយន្តដឹកឈើល្មើសខាងលើឆ្លងកាត់នោះ គេឃើញមានកម្លាំងគ្រប់សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលឈរជើងនៅលើកំណាត់ផ្លូវនោះ ពង្រាយចាប់តាំងពីទឹកដីខេត្តកំពង់ស្ពឺមកដល់ទឹកដី នៃខេត្តកំពត ប៉ុន្តែបែរជាមិនបង្ក្រាប ឬបង្ក្រាបមិនដែលបាន ខណៈមានរថយន្តជាច្រើនគ្រឿងកន្លងមក បានធ្វើសកម្មភាពដុះស្លែដឹកឈើល្មើសយ៉ាងគគ្រឹកគគ្រេងនៅលើដងផ្លូវលេខ៤៣ (កោះស្លា) មួយនេះ សំដៅនាំឆ្លងដែនចុះទៅប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងខេត្តកំពត៕