(កោះកុង)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង បានលើកទឹកចិត្ត និងជំរុញឲ្យកងកម្លាំងអាវុធហត្ថខេត្តកោះកុងទាំងអស់ ព្រមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តបង្ក្រាបករណីគ្រឿងញៀន កាន់តែខ្លាំងឡើង ដើម្បីចូលរួមលើកកម្ពស់បញ្ហាសន្តិសុខ ជូនប្រជាពលរដ្ឋមូលដ្ឋាន។
ការថែ្លងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងស្ថាប័នគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោយពីកម្លាំងអាវុធហត្ថខេត្តកោះកុង បានបង្ក្រាប និងចាប់ខ្លួនមេក្លោងគ្រឿងញៀន ព្រមទាំងបក្ខពួកចំនួន៤នាក់ ថ្នាំជាច្រើនកញ្ចប់ និងកាំភ្លើងខ្លីមួយដើមផងដែរ។
លោក កៅ ខុនដារ៉ា បានថ្លែងអំណរគុណដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើការស៊ើបអង្កេត និងឈានទៅដល់ការបង្ក្រាបបានមេក្លោងឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តកោះកុង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកនេះ ។
លោក កៅ ខុនដារ៉ា បានបញ្ជាក់ថា «ខ្ញុំសូមសំណូមពរ និងលើកទឹកចិត្តដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក៏ដូចជាមន្រ្តីអនុវត្តច្បាប់ ក្នុងខេត្តកោះកុងទាំងអស់ សូមបន្តយកចិត្តទុកដាក់ធ្វើការបង្រ្កាប បទល្មើសគ្រឿងញៀននិងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែបានខ្លាំងក្លាថែមទៀតសំដៅចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋា ភិបាលឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់»។
សូមបញ្ជាក់ថា កម្លាំងអាវុធហត្ថខេត្តកោះកុង បានបញ្ជូនខ្លូនមេក្លោងគ្រឿងញៀនម្នាក់ និងបក្ខពួក៣នាក់ទៀត ទៅតុលាការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ។ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ កម្លាំងរបស់លោក បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
លោកបានបន្ដថា ក្នុងប្រតិបត្តិការនេះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់បានជនសង្ស័យ៤នាក់ ទី១ ឈ្មោះ ដារ៉ូ ហៅម៉ាប់ អាយុ៤០ឆ្នាំ ជាមេក្លោងជួញដូរគ្រឿងញៀន ទី២ ឈ្មោះ សេង ហួរ អាយុ១៧ឆ្នាំ ទី៣ ឈ្មោះ ឈឿន ថា អាយុ២៩ឆ្នាំ និងទី៤ ឈ្មោះ ធាក់ ទុក អាយុ២៤ឆ្នាំ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)៤៨កញ្ចប់ យ៉ាម៉ា(WY)១០៣៨គ្រាប់ អាវុធខ្លីម៉ាកK59 មួយដើម គ្រាប់១៤គ្រាប់ សំបកអូប័រ (ហៅមាន់ចែ)១គ្រឿង ម៉ាស៊ីន១២សេស១គ្រឿង ទូរស័ព្ទដៃ៥គ្រឿង គ្រឿងជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ ម៉ូតូ១គ្រឿង និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត៕