(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានអំពាវនាវដល់សាធារណជន និងបុគ្គលពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មទាំងអស់ សូមកុំជឿតាមការអូសទាញរបស់ក្រុមហ៊ុននេះ ចូលរួមក្នុងការភ្នាល់បាល់តាមអនឡាញ និងវិនិយោគផ្សេងៗពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្ម ដែលជាសកម្មភាពខុសច្បាប់។ នេះបើតាមលិខិតបដិសេធដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។

ការចេញមកអំពាវនាវរបស់ស្ថានជំនាញកម្ពុជា បានធ្វើឡើងបន្ទាប់ពីបានពិនិត្យឃើញមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាថា ក្រុមហ៊ុន OL Group ឬ OL Football Club ជាក្រុមហ៊ុនល្បែងពាណិជ្ជកម្មស្របច្បាប់ ដែលបាននិងកំពុងធ្វើសកម្មភាពបើកឱ្យមានការភ្នាល់បាល់តាមអនឡាញ និងអូសទាញឱ្យសាធារណជនចូលរួមវិនិយោគផ្សេងៗ។

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមធ្វើការបដិសេធជាដាច់ខាតចំពោះការផ្សព្វផ្សាយខាងលើ និងសូមជម្រាបជូនដល់សាធារណជន និងបុគ្គលពាក់ព័ន្ធនឹងវិស័យល្បែងពាណិជ្ជកម្មទាំងអស់ គ.ល.ក. មិនធ្លាប់បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឈ្មោះ OLGroup_ឬOL Football Club ដើម្បីធ្វើប្រតិបត្តិការល្បែងពាណិជ្ជកម្មណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែតុលាដដែល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានចេញសេចក្តីបដិសេធទាំងស្រុង ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ (Logo) និងត្រាក្លែងបន្លំរបស់ក្រសួងកបទ.សអ។

លិខិតបដិសេធ គឺបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនខាងលើធ្វើអាជីវកម្មនៅកម្ពុជានោះទេ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៉ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ករណីនេះឱ្យបានឆាប់បំផុត។

សូមជម្រាបថា ថ្មីៗនេះ មានផេកមួយ បានផ្សព្វផ្សាយថា ក្លិបបាល់ទាត់ OL ដែលកំពុងលេងនៅលីកកំពូលបារាំង Lique 1 ទទួលបានការអនុញ្ញាតពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យបើកអាជីវកម្មនៅកម្ពុជា៕