(កំពង់ឆ្នាំង)៖ ខេត្តកំពង់ឆ្នាំង ដែលជាខេត្តអំណោយផលខ្ពស់មួយលើដំណាំស្រូវ ក៏បានជួបគ្រោះលិចលង់ និងរងការខូចខាតដោយសារទឹកជំនន់នៅក្នុងរដូវវស្សា នេះផងដែរ។លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ទឹកជំនន់នៅឆ្នាំនេះ បណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវ របស់ ប្រជាជនមានចំនួន៥ស្រុក រួមមាន៖ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ លើឃុំចំនួន២៥ ភូមិចំនួន ១២៥ភូមិ និងប៉ះពាល់ប្រជាកសិករប្រមាណ ៣,៤៦០គ្រួសារ បានខូចខាតដំណាំ ស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២,៦១០ហិកតាស្មើនឹង ១.៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត។

តែទោះបីជាយ៉ាងណាផ្ទះដីស្រែដែលរងផលប៉ះពាល់នេះ សុទ្ធតែអាចស្តារឡើងវិញទាំងអស់ ហើយក៏មានប្រភពទឹកផ្គង់ផ្គង់គ្រប់គ្រាន់ផងដែរ។

លោកអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់យ៉ាងដូច្នេះ «ខេត្តកំពង់ឆ្នាំងយើងខ្ញុំនេះ វាលិចដោយសារទឹកទន្លេឡើង។ អ៊ីចឹងនៅពេលរាជរដ្ឋាភិបាលផ្តល់ពូជស្រូវយើងអាចស្តារឡើងវិញទាំងអស់។ មានន័យថា យើងអាចស្តារ ៣,៤៦០គ្រួសារឡើងវិញ ដោយសារទឹកយើងឥឡូវស្រកម្តងបន្តិចៗ យើងមានឱកាសក្នុងការស្តារឡើងវិញ បន្ទាប់ពីសម្តេចតេជោចែកស្រូវពូជ»។

ដើម្បីជួយឱ្យការធ្វើស្រែឡើងវិញរបស់ប្រជាកសិករបានលឿនរហ័ស និងទាន់ពេលវេលានោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញកិច្ចអន្តរាគមន៍ ពិសេស ដោយបានបញ្ចេញស្រូវពូជ របស់រាជរដ្ឋាភិបាល ហើយសម្តេចបានអញ្ជើញចែកដោយផ្ទាល់ដៃថែមទៀតផង។ ក្នុងរយៈពេលថ្ងៃកន្លងទៅនេះសម្តេចតេជោ បានចែកស្រូវពូជជាង ២ពាន់តោនរួចហើយជូនប្រជាកសិករនៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងបន្តចែកស្រូវពូជប្រមាណ ៣៤៦តោន ជូនប្រជាកសិករខេត្តកំពង់ឆ្នាំង ប្រមាណ ៣,៤៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកជំនន់។

ស្រូវពូជមានតម្លៃណាស់ប្រជាកសិករសម្រាប់ពួកគាត់ធ្វើស្រែឡើងវិញ និងបានជួយកាត់បន្ថយការចំណាយរបស់ពួកគាត់ផងដែរ។ ប្រជាកសិករ ដែលនឹងត្រូវទទួលបានស្រូវពូជពីសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ព្រមទាំងគោរពថ្លែងអំណរគុណសម្តេចតេជោ យ៉ាងជ្រាលជ្រៅជីទីបំផុត។

លោក ម៉ៅ សារឹម ពលរដ្ឋនៅភូមិទួលរកា ឃុំេមលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ស្រូវពូជមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ធ្វើស្រែឡើងវិញ ខណៈពួកគាត់អស់ស្រូវពូជទៅហើយ។

លោក ម៉ៅ សារឹម បានបញ្ជាក់ដូច្នេះ «ខ្ញុំសប្បាយចិត្តណាស់ បានសម្តេចតេជោ លោកចែកស្រូវពូជនេះ។ ពូជដែលខ្ញុំបានធ្វើកន្លងទៅនេះ ខូចអស់តាំងពីរថ្ងៃទី៤ ខែតុលា ដល់អ៊ីចឹងពូជដែលយើងព្រោះអស់ទៅវានៅតិច។ សូមអរគុណសម្តេចមែនទែនបានជួយស្រូវពូជដល់រូបខ្ញុំ និងបងប្អូនកសិករទាំងអស់»។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏ដូចកសិករទូទៅផងដែរ បានបង្ហាញការរីករាយ និងត្រេកអរជាខ្លាំង សម្រាប់អំណោយស្រូវពូជសម្រាប់កសិករធ្វើស្រែឡើងវិញ។ លោកអភិបាលខេត្តគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែបង្ហាញវត្តមានរាល់ពេលកសិករមានការលំបាក។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ក្នុងខេត្តកំពង់ឆ្នាំង ក្រៅតែពីធ្វើឱ្យខូចខាតស្រូវហើយនោះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបប្រមាណ ១១,៤៧៩គ្រួសារផងដែរ។ ក្នុងនោះមានប្រជាពលរដ្ឋ ៧៩៤គ្រួសារ បានជម្លៀសទៅផ្ទះសាច់ញាតិ និងទីទួលសុវត្ថិភាព ហើយមិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់នេះ រដ្ឋបាលខេត្ត បានចាត់កម្លាំងប្រតិបត្តិការ និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរងគ្រោះ ជាពិសេសផ្ដល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជម្រក ទឹកស្អាត ថ្នាំសង្កូវ កម្លាំងប្រចាំការការពារសន្តិសុខ និងត្រៀមលក្ខណៈជាប់ជាប្រចាំ ក្នុងការបន្តចេញជួយ និងជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពដែលបានរៀបចំរួច។

លោកអភិបាលខេត្ត បានឱ្យដឹងថា រូបលោក រួមជាមួយប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក និងក្រុមការងារបាននាំយកអំណោយរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះសរុបប្រមាណ ៤,៥៨៤គ្រួសារ៕