(ព្រៃវែង)៖ ដើម្បីឈ្វេងយល់ពីការផ្តល់សេវាសាធារណៈ និងសំណើសុំសេវានានា ជាតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំបឹងព្រះ បានដឹកនាំក្រុមការងារ អញ្ជើញចុះតាមខ្នងផ្ទះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមភូមិមួយចំនួន ក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងដំណើរជួបជាមួយប្រជាពលរដ្ឋនេះ លោក អ៉ីវ លាង បានជម្រាបសាកសួរប្រជាពលរដ្ឋពាក់ព័ន្ធពីអាកប្បកិរិយាបុគ្គលិក ការផ្តល់ព័ត៌មានឆ្លើយតបទៅនឹងចង្ងល់នានា និងបញ្ហាមួយចំនួនទៀត ជាពិសេសនីតិវិធីនិងរយៈពេលការផ្តល់សេវាសាធារណៈ ក៏ដូចជាសំណើសុំផ្សេងៗរបស់បងប្អូនទៅរដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ឬអាជ្ញាធរជំនាញដទៃទៀតនៅក្នុងឃុំ។ ទន្ទឹមនឹងលោក បានបញ្ជាក់បន្ថែមជូនថាការចូលរួមជាមតិយោបល់ពីពលរដ្ឋផ្ទាល់ ជាអ្នកទទួលផងជាអ្នកស្នើសុំផង បែបនេះទើបបានព័ត៌មានជាក់ស្តែងពីការបម្រើការងាររបស់អាជ្ញាធរឃុំ ក្នុងការបំពេញសេវាសាធារណៈនិងតម្រូវការនានាដល់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ជាក់ឲ្យឃើញនូវចំណុចល្អប្រសើរឬចំណុចខ្វះខាត ភាពអសកម្មឬចេតនាបង្កជាបញ្ហាលំបាកដល់ប្រជាពលរដ្ឋ ពេលផ្តល់ឬមកស្នើសុំសេវាសាធារណៈម្តងៗ ដើម្បីចូលរួមកែលម្អឲ្យមានភាពល្អឡើងវិញ។
លោកក៏បានជម្រាបសាកសួរពីទិន្នផលកសិផលដំណាំមួយចំនួន ជាពិសេសស្រូវ និងសាកសួរពាក់ព័ន្ធបញ្ហាការងារសង្គមកិច្ច ដែលកន្លងមកក្រុមការងារបានជួយឧបត្ថម្ភជាមូលនិធិដោយផ្ទាល់ ឬតាមរយៈឃុំ ដែលបានចូលរួមជ្រោមជ្រែងដល់សហគមន៍កសិកម្មក្តីសង្ឃឹមបឹងព្រះ មនុស្សទុគ្គត ឬគ្រួសារជួបការលំបាក ការផ្តល់ក្តារមឈូសដល់គ្រួសារនៃសពទីទ័លគ្មានលទ្ធភាពទិញ ហើយដែលក្រុមការងារបានចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ ថាដំណើរការក្នុងការផ្តល់សេវាគាំទ្រ ឬការឆ្លើយតបទៅនឹងសំណើសុំពីប្រជាពលរដ្ឋ សម្រេចបានដល់កម្រិតណាហើយ បានទាន់ពេលវេលាទេ ហើយប្រជាពលរដ្ឋត្រូវបំពេញ ឬជួបការលំបាកចោទអ្វីខ្លះក្នុងពេលស្នើសុំ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋមានជំងឺប្រចាំកាយចំនួន៣នាក់ ត្រូវបានលោកចាត់ឲ្យក្រុមការងារសម្របសម្រួលជាមួយមណ្ឌលសុខភាពឃុំ ដើម្បីនាំយកទៅសម្រាកព្យាបាល ព្រមទាំងជួយជាថវិកាមួយចំនួន។ បន្ទាប់ពីនោះមកលោកបន្តអញ្ជើញចុះត្រួតពិនិត្យលូ ដែលបាក់ខូចតាមដងផ្លូវចំនួន០២កន្លែងផងដែរ។
ឆ្លៀតពេលនោះ លោកបានអញ្ជើញជួបជាមួយលោកប្រធានមណ្ឌលសុខភាពឃុំ លោកគ្រូ អ្នកគ្រូពេទ្យ និងសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំបឹងព្រះ។ ទន្ទឹមនឹងនោះលោកបានសម្ដែងការកោតសរសើ និងលើកទឹកចិត្តចំពោះលោកប្រធានមណ្ឌលសុខភាព គ្រូពេទ្យទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងថែទាំព្យាបាលអ្នកជំងឺបានល្អ និងសូមបន្តបំពេញកិច្ចការនេះទៅទៀត ហើយទន្ទឹមនឹងសូមកុំប្រកាន់អើសរើស អ្នកមានឬអ្នកក្រ ត្រូវចាត់ទុកជាខ្មែរតែមួយ និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាពេទ្យ៕