(ភ្នំពេញ)៖ ដើម្បីចូលរួមចែកក្នុងការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅថ្ងៃទី២៥ ខែតុលា ២០២២នេះ លោក សៀង បូរិទ្ធ អគ្គនាយកមូលនិធិនាគរាជ០១ បានដឹកនាំសប្បុរសជន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការ សហការី នាំយកថវិកា និងអំណោយសម្ភារៈ មានគ្រឿង ឧបភោគបរិភោគមួយចំនួន ជូនដល់កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
លោក សៀង បូរិទ្ធ បានថ្លែងថា គោលបំណង និងទិសដៅ នៃការបង្កើតមូលនិធិនាគរាជ០១នេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាបិតាស្ថាបនិកសន្តិភាព តាមរយៈធ្វើសកម្មភាពសប្បុរសធម៌ ចុះជួយបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត គ្មានទីពឹង ចាស់ជរា ព្រះសង្ឃ និងក្មេងៗកុមារកំព្រា និងរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីចុះជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់ពីនិន្នាការនយោបាយ រើសអើង ពូជសាសន៍ ពណ៌សម្បុរ ក្នុងន័យរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងចូលរួមផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងគាំទ្ររាល់សកម្មភាព សប្បុរសធម៌ និងទឹកចិត្តបេះដូងមនុស្សធម៌ របស់លោក សៀង បូរិទ្ធ ព្រមទាំងសប្បុរសជន សមាជិក សមាជិការ សហការី ដែលបាននាំយកថវិកា និងសម្ភារៈរួមមានគ្រឿងបរិភោគ ឧបភោគ មួយចំនួនជូនដល់កាកកាបាទក្រហមកម្ពុជា សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ដោយសារទឹកជំនន់ និងគ្រោះមហន្តរាយនានា។
លោកស្រីបានថ្លែងទៀតថា ជំនួយសប្បុរសជននាឱកាសនេះ គឺជាការប្រពៃណាស់ សម្រាប់ជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ជាពិសេសអ្នកដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង។ ខណៈនៅរយៈពេលប៉ុន្មានថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានចុះចែកអំណោយជាស្បៀងអាហារ និងគ្រាប់ពូជស្រូវ ទៅដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន ដើម្បីបានជួយសម្រាលនូវការលំបាកមួយចំណែកផងដែរ៕