(សៀមរាប)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី ព្រមទាំងលោក ណាំ លីណាល់ រដ្ឋលេខាក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយមាន អង្ករជាង១២តោន និងសារ៉ុង៤៨៨ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប ព្រមទាំងអភិបាលខេត្តសៀមរាប ទៅចែកជូនប្រជាពលរដ្ឋ ចំនួន៤៨៨គ្រួសារ នៅឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប នៅតំបន់បឹងទន្លេសាប។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋនេះ អ្នកឧកញ៉ា សៀង ណាំ បាននាំនូវការផ្ដាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចពិជ័យសេនា ដែលសម្ដេចតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសក្នុងកាលៈទេសៈជួបការលំបាក។

ជាក់ស្ដែងក្នុងថ្ងៃនេះ សម្ដេចបានផ្ដល់អំណោយជាអង្ករ និងសម្ភារៈមួយចំនួន តាមរយៈអ្នកឧកញ៉ា និងភរិយា មកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ចំនួន៤៨៨គ្រួសារ នៅឃុំពោធិ៍ទ្រាយ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន២៥គីឡូក្រាម, សារ៉ុង១ និងថវិកាមួយចំនួនផងដែរ៕