(ភ្នំពេញ)៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូនល្អ តាមការគ្រោងទុក ក្រោមកិច្ចសហការណ៍ពីគណៈគ្រប់គ្រងមណ្ឌលប្រឡង, បេក្ខជនប្រឡង, និងគ្រប់ភាគីពាក់ព័ន្ធ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ឲ្យដឹងថា បេក្ខជនមួយចំនួនតូចអវត្តមាន ដូចឆ្នាំកន្លងមកដែរ។ ជារួម មិនមានព្រឹត្តិការណ៍អ្វីគួរឲ្យកត់សម្គាល់ទេ។

ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ ជូនចំពោះបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡា, គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមរៀបចំ ដំណើរការប្រឡងឌីប្លូម ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់អនុវត្តនីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាព។

ក្រសួងអប់រំ យុវជន និងកីឡា សូមអរគុណបេក្ខជនប្រឡងទាំងអស់ ដែលបានអនុវត្តន៍គោលការណ៍ប្រឡង, គោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរទៅមក, និងអនុវត្តន៍វិធានសុខាភិបាលបានខ្ជាប់ខ្ជួន។

ការប្រកាសលទ្ធផលប្រឡងឌីប្លូម នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមក្រសួងអប់រំ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានចំនួនសរុប ១៧៤ ៧២៦ នាក់ ស្រី៩៥ ១២៧នាក់, សិស្សចំណេះទូទៅ ១៧៣ ៤៦៦នាក់ ស្រី ៩៤ ៨៧៦នាក់, ស្វៃរិន ១៣៦នាក់ ស្រី ៤៥នាក់, បំពេញវិជ្ជា ១ ០៧៦នាក់ ស្រី ១៩២នាក់, គថ្លង់ ២៩ នាក់ ស្រី ០៩ នាក់, ពិការភ្នែក ១៩ នាក់ ស្រី០៥ នាក់ ដែលមានមណ្ឌលសរុប ១ ៧២៣ បន្ទប់សរុប ៧ ៨១៦៕