(ព្រៃវែង)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសទទួលស្គាល់ជាផ្លូវការខេត្តព្រៃវែង ជាខេត្តទី២ របស់កម្ពុជា ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (2 ODF Province Celebration, Prey Veng)។

ពិធីប្រកាសនេះដែរ មានការចូលរួមពីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក លោកស្រី ជាប្រតិភូអមដំណើរ អង្គការដៃគូសហការ មន្ត្រីរាជការ ក្រុមយុវជនសសយក យុវជនកាយរិទ្ធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ផងដែរ។

បើតាមអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋជាងមួយលាននាក់ក្នុងខេត្តព្រៃវែង មកពី ១,១៣៩ភូមិ ១១៦ឃុំ និង ១២ស្រុក និងក្រុង១ កំពុងទទួលបានអត្ថប្រយោជន៍ផ្លាស់ប្តូរនៃខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅកម្ពុជា ដែលមានន័យថាគ្រប់គ្រួសារមានបង្គន់អនាម័យប្រើប្រាស់។

អង្គការភ្លែនអន្តរជាតិកម្ពុជា បានបន្តថា សមិទ្ធផលនេះត្រូវបានគាំទ្រដោយភាគីពាក់ព័ន្ធជាច្រើន ដោយធ្វើការយកចិត្តទុកដាក់នៅរាល់កម្រិតផ្សេងៗគ្នា ជាច្រើនឆ្នាំមកហើយ ដើម្បីបង្កើតការរៀបចំស្ថាប័នអនុវត្តប្រព័ន្ធត្រួតពិនិត្យអនាម័យ បង្កើតការចូលរួមសហគមន៍ បង្កើតទីផ្សារអនាម័យ ឧបត្ថម្ភធនធានដល់គ្រួសារក្រីក្រ និងអ្នកងាយរងគ្រោះ ហើយតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក អាជ្ញាធរឃុំ និងភូមិមានសារៈសំខាន់ណាស់ក្នុងការធានា បានជោគជ័យនេះនៅខេត្តព្រៃវែង។

បើតាមលោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានបញ្ជាក់ថា ខេត្តព្រៃវែង ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារផ្គត់ផ្គង់ទឹក ការសស្អាត និងអនាម័យជនបទមានការរីកចម្រើនជា បន្តបន្ទាប់គួរឱ្យកត់សម្គាល់ មកដល់ពេលនេះអណ្ដូងសរុបក្នុងខេត្តមានចំនួន ១៩៧,២៧៣អណ្តូង ស្ថានីយ៍ចែកចាយ ទឹកសហគមន៍មាន ២កន្លែង និងស្ថានីយផលិតទឹកពិសារសហគមន៍ដែលគាំទ្រដោយអង្គការដៃគូមានចំនួន៣១កន្លែង។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ជារួមប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រមាណ៨៩% ស្មើនឹង ២៣៩,១៨៧គ្រួសា ហើយគ្រួសារ ដែលពុំទាន់មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់មានប្រមាណ១១% ស្មើនឹង៥០,១០៩គ្រួសារ ក្នុងនោះគ្រួសារដែលបាន បន្សុតទឹក និងហូបទឹកសុវត្ថិភាពមានប្រមាណ៧៩%។ ចំពោះផ្នែកអនាម័យក្នុងទូទាំងខេត្តបង្គន់អនាម័យដែលប្រជាពលរដ្ឋបានសាងសង់ និងប្រើប្រាស់សរុបចំនួន ២២៨,៦៥៤បង្គន់ ស្មើនឹង៩៤.១០% ហើយខ្នងផ្ទះប្រើប្រាស់បង្គន់រួម ចំនួន ១៤,៣៣៦ខ្នង ស្មើនឹង៥.៩០% ជារួមអត្រាអនាម័យក្នុងទូទាំងខេត្តសម្រេចបាន១០០%។

ជាមួយគ្នានេះ លោកបណ្ឌិតជ្រុន ថេរ៉ាវ៉ាត បានដាក់ចេញនូវចំណុចសំខាន់ៗចំនួន៩ចំណុច ដើម្បីឱ្យអភិបាលខេត្ត អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) អង្គការដៃគូ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត សម្រាប់យកទៅអនុវត្តដូចខាងក្រោមនេះ៖

*ទី១៖ ថ្នាក់ដឹកនាំខេត្ត ជាពិសេសអភិបាលរងរាជធានី-ខេត្ត ដែលជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ទាំងអស់ ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី/ខេត្ត ទាំង២៥ ជាលេខាអចិន្ត្រៃយ៍ (PWG's) និងរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ទាំងអស់ ក្នុងខេត្តនីមួយៗ មេត្តាខិតខំប្រឹងប្រែង និងបន្តយកចិត្តទុកដាក់សហការអនុវត្តការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ នៅតាមរាជធានី-ខេត្តនីមួយៗ ឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

*ទី២៖ ប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PWG) ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ ជាលេខាអចិន្ត្រៃយ៍ (PWGs) និងរដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ក្នុងខេត្តនីមួយៗ បន្តការអប់រំ ផ្សព្វផ្សាយ និងបំផុសដល់សហគមន៍ជនបទឱ្យសាងសង់បង្គន់អនាម័យ និងប្រើប្រាស់បង្គន់ រួមទាំងការសម្អាតបរិស្ថានឱ្យបានល្អ។

*ទី៣៖ ប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PWG) ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ ជាលេខាអចិន្ត្រៃយ៍ (PWG's) និងរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ទាំងអស់ ក្នុងរខេត្តនីមួយៗ បន្តការអប់រំ ផ្សព្វផ្សាយ និងបំផុសដល់សហគមន៍ជនបទ ឱ្យលាងសម្អាត ដៃនឹងសាប៊ូ មុនពេលបរិភោគ និងក្រោយពេលបន្ទោបង់ជាមួយនឹងការទទួលទានទឹក និងទុកដាក់ទឹកប្រកបដោយសុវត្ថិភាព។

*ទី៤៖ សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាដៃគូទាំងអស់ ជាពិសេសអង្គការដែលមានវត្តមាននៅទីនេះ សូមបន្តការគាំទ្រ និងចូលរួមអនុវត្តផែនការពង្រីកសេវាគ្របដណ្តប់អនាម័យជាមូលដ្ឋាននៅកម្ពុជា ឱ្យបានសកម្មថែមទៀត ទាំងផ្នែកសម្ភារ ហិរញ្ញវត្ថុ និងបច្ចេកទេស។

*ទី៥៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញនានានៅថ្នាក់ក្រោមជាតិ បន្តចូលរួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី-ខេត្ត ដើម្បីគៀងគររាល់គ្រប់ធនធានជាមួយបណ្តាស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមគាំទ្រការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ ចំពោះខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលសម្រេចបាន ODFហើយ ត្រូវធានានិរន្តរភាព (ODF) រហូត និងគាំទ្រចំពោះខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដទៃទទួលបានជោគជ័យ ODF បន្តបន្ទាប់ទៀត។

*ទី៦៖ គ្រប់បណ្តាខេត្តដែលមានតំបន់បរិស្ថានប្រឈម ត្រូវគិតគូរពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ ដើម្បីផ្តល់នូវបច្ចេកវិទ្យា និងធនធានដល់គ្រួសារក្រីក្រ ដើម្បីមានលទ្ធភាពទទួលបានបង្គន់អនាម័យ ជៀស សហការវាងការមើលរំលងដែលជាហេតុធ្វើឱ្យរាំងស្ទះដល់កំណើនអនាម័យក្នុងមូលដ្ឋានរបស់ខ្លួន។

*ទី៧៖ ដើម្បីឈានទៅអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លក្ខណៈសម្បត្តិទី៦ អំពីអនាម័យ សោភ័ណភាព និងបរិស្ថាន សូមស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ឃុំ សង្កាត់ គួរបំផុសឱ្យមានការប្រលងប្រណាំង, ការលើកទឹកចិត្ត និងការផ្ដល់ប័ណ្ណសរសើរដល់ឃុំ សង្កាត់ដែលទទួល បានជ័យលាភីលើការងារនេះ។ ម៉្យាងវិញទៀត នៅរៀងរាល់កម្មវិធីប្រជុំថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ខ័ណ្ឌ និងឃុំ សង្កាត់ ប្រចាំខែ ឬត្រីមាស ឬឆមាស ឬប្រចាំឆ្នាំ គួរមានរបៀបវារៈនិយាយអំពី «អនាម័យ សោភ័ណ្ឌភាព និងបរិស្ថាន»

*ទី៨៖ រដ្ឋបាលថ្នាក់ឃុំ សង្កាត់ គួររៀបចំផែនការសកម្មភាពបន្ថែម ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិទី៦ ស្តីពី «អនាម័យ សោភ័ណភាព និងបរិស្ថាន ដើម្បីស្នើសុំថវិកាបន្ថែមសម្រាប់ឆ្នាំបន្តបន្ទាប់ ឬវិភាជន៍ ថវិកាដែលមានមួយផ្នែកពីមូលនិធីអភិវឌ្ឍន៍ឃុំ សង្កាត់ ដើម្បីបម្រើឱ្យវិស័យទឹកស្អាតជនបទ និងអនាម័យ។

ទី៩៖ យកចិត្តទុកដាក់រៀបចំឱ្យមានសេវា និងគោលការណ៍ណែនាំផ្សេងៗ ក្នុងការគ្រប់គ្រងកាកសំណល់លាមកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការបង្ហូរកាកសំណល់លាមកចូលក្នុង បរិស្ថានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា បេសកម្មរបស់យើងមិនមែនចប់ត្រឹមនេះទេ បេសកម្មកែលម្អនិងលើកកម្ពស់ អនាម័យជនបទនៅខេត្តព្រៃវែង មិនមែនចប់ត្រឹមខេត្តទទួលបានជ័យលាភីខេត្ត ODF នោះទេ។ មន្ទីរអភិវឌ្ឍន៍ជនបទ គឺនៅមានវត្តមានបន្តការងារបច្ចេកទេសអនាម័យរបស់ខ្លួនក្នុងខេត្ត ដើរតួជាសេនាធិការលើការងារ បច្ចេកទេសអនាម័យឱ្យក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីឈានទៅសម្រេចបាននូវអត្រាគ្របដណ្តប់សេវាអនាម័យដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព ថែមទាំងឥរិយាបថប្រតិបត្តិអនាម័យល្អ ប្រសើរសម្រាប់ទាំងអស់គ្នា នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដែលយើងហៅថា ODF Plus ឬ ODF បូក៕