(ព្រះសីហនុ)៖ លោក សួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ប្រទេសកម្ពុជា នឹងបន្ដអភិវឌ្ឍបានល្អប្រសើរបន្ថែមទៀត នៅពេលអនាគត។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក សួង ណយ និងលោកស្រី ហៀក ហ៊ីមុលី អញ្ជើញជាអធិបតិភាព ក្នុងវេទិការវាងអ្នកផលិត និងអ្នកទិញគម្រោងអភិវឌ្ឍន៍ អាជីវកម្មប្រកបដោយ សុចរិតភាព និងការទទួលទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៃខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជីវករមកពីបណ្តាស្រុកនានា ក្នុងខេត្តព្រះសីហនុ។
លោកស្រី ហៀក ហ៊ីមុលី បានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅដល់អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ និងបងប្អូនអាជីវករគ្រប់រូប ដែលបានចូលរួម ក្នុងពិធីវេទិការវាងអ្នកផលិត និងអ្នកទិញគម្រោងអភិវឌ្ឍន៍ អាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ដែលខិតខំគៀងគរ ប្រមែប្រមូលនូវ ធនធានមនុស្សដែលមានចំណេះ ជំនាញក្នុងការ បង្កើតផលិតផល គ្រប់គ្រងអាជីវកម្មនានានៅក្នុងបណ្តាលស្រុកនៃខេត្តទាំងមូល និងបានបង្ហាញពីសង្វាក់នៃការផលិត បង្ហាញពីគុណភាពផលិតផលដែលជាស្នារដៃកូនខ្មែរសុទ្ធសាទ បង្ហាញទៅដល់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសឲ្យបានដឹង។
លោក សួង ណយ បានថ្លែងថា តាមរយៈការងារនេះ បង្ហាញឲ្យឃើញនូវការអភិរក្ស អភិវឌ្ឍន៍ លើកស្ទួយ ដែលជាស្នាដៃ កូនខ្មែរ ហើយបន្តបង្ហាត់បង្រៀន ជាផ្នែកយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាល ដល់កូនចៅ ក្នុងគ្រួសារ ក្នុងសហគមន៍ លោកក៏សង្ឃឹម និងសូមឲ្យបងប្អូនអាជីវករខ្មែរទាំងអស់ ត្រូវមានសាមគ្គីភាព ក្នុងការសហការការងារ ដើម្បីឈានទៅរកភាពរីកចម្រើន ក្នុងការបង្កើតអាជីវកម្ម អោយសាកសមទៅនឹង (ភូមិមួយ ផលិតផលមួយ)។
ជាមួយគ្នានេះ លោកបានជំរុញចលនាភូមិមួយផលិតផលមួយ ក៏បានស្នើដល់សមាជិក ក្រុមការងារ ភូមិមួយ ផលិតផលមួយ ពិសេសប្រជាពលរដ្ឋអ្នកផលិត ទាំងអ្នកបានចុះបញ្ជីរួច និងអ្នកកំពុងដាក់ពាក្យស្នើសុំចុះបញ្ជី ត្រូវបន្តចូលរួមសហការគ្នាឱ្យបានល្អ និងត្រូវមានភាពស្មោះត្រង់ ព្រមទាំងហ៊ានទទួលខុសត្រូវចំពោះផលិតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាជំរុញគុណភាព និងទីផ្សារផលិតខ្មែរ ឲ្យកាន់តែប្រសើរ។
ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម សិប្បកម្ម ដែលបានចូលរួមក្នុងវេទិការនេះ បានបង្ហាញអំពីការយល់ឃើញរបស់ខ្លួនថា ការចុះបញ្ជីផលិតផលរបស់ខ្លួនក្នុងចលនាភូមិមួយ ផលិតផលមួយ ពិតជាមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ច្រើន ដល់ក្រុមអ្នកផលិតដែលជាសមាជិក។ ដែលការចុះបញ្ជីនេះ បានធ្វើឲ្យផលិតផលរបស់ខ្លួនមានអ្នកស្គាល់ច្រើន មានទីផ្សារលក់ចេញ ព្រមទាំងមានការទទួលស្គាល់ពីគុណភាពផងដែរ។
សូមបញ្ជាក់ថា ក្នុងវេទិការវាងអ្នកផលិត និងអ្នកទិញគម្រោងអភិវឌ្ឍន៍អាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៃខេត្តព្រះសីហនុ មានអ្នកផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដែលមានចំនួន២៥អ្នកផលិត និង២៥អ្នកទិញក្នុងវេទិកានេះ៕