(កំពង់ឆ្នាំង)៖ បន្ទាប់ពីបំពេញបេសកកម្មការងារដ៏មមាញឹកចាប់ពីខេត្តសៀមរាប នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នឹងបន្តឆ្ពោះតាមបណ្តាខេត្តជាប់បឹងទន្លេសាប ជាបន្តបន្ទាប់នោះ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដល់ទឹកដីខេត្តកំពង់ឆ្នាំង អតីតរាជធានីលង្វែកហើយ។
ដំណើរអញ្ជើញដល់ខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន មានបេសកកម្មចំនួនពីរដូចទៅនឹងខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ផងដែរ។ បេសកកម្មទី១ គឺជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃអង្គារនេះ។ ដោយឡែកបេសកកម្មទី២ គឺចែកពូជស្រូវ និងស្បៀងអាហារជូនប្រជាកសិករជួបគ្រោះទឹកជំនន់ ដែលនឹងធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា។
មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំង ដែលអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃនេះ មានចំនួនប្រមាណ ១,៤១១នាក់។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញវក្តីសោមនស្សរីករាយជាពន់ពេក ចំពោះការបានទទួលបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្តបានគូសបញ្ជាក់បែបនេះ «ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តដ៏ឧត្តង្គឧត្តមបំផុត ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាលជាទីបំផុត»។
ក្នុងជំនួបសំណេះសំណេះសំណាលនេះលោកអភិបាលខេត្ត បានជម្រាបសម្តេចតេជោ និងអង្គពិធីទាំងមូលនូវព័ត៌មានសំខាន់ៗមួយចំនួន ពាក់ព័ន្ធព័ត៌មានមន្ត្រីរាជការ, ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការងារយុទ្ធនាការដកហូត និងគ្រប់គ្រងដីតំបន់៣ ជុំវិញបឹងទន្លេសាប,ការងារកាត់ឆ្វៀលផ្ទៃដីជូនប្រជាពលរដ្ឋ, ការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ, ការងារផ្សព្វផ្សាយទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងការងារបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា មន្ត្រីរាជការស៊ីវិលនៅទូទាំងខេត្តមានចំនួន ៦,៨៦៧នាក់ (ស្រី ៣,០០៧នាក់)។
ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានលោក ស៊ុន សុវណ្ណារិទ្ធិ ឱ្យដឹងថា រដ្ឋបាលខេត្ត ក្រុង ស្រុក បានអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព និងការអភិវឌ្ឍ តាមរយៈយន្តការក្រុមប្រឹក្សា គណៈអភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងគណៈកម្មាធិការនានារបស់ ក្រុមប្រឹក្សាខេត្តអាណត្តិទី៣។
លោកអភិបាលខេត្ត ក៏បានជម្រាបពីយុទ្ធនាការដកហូត និងគ្រប់គ្រងដីតំបន់៣ ជុំវិញបឹងទន្លេសាបផងដែរ។ ក្នុងនោះការចុះអនុវត្តយុទ្ធនាការដកហូតដីព្រៃលិចទឹកក្នុងតំបន់៣ជុំវិញបឹងទន្លេសាប មានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនពលរដ្ឋសរុបចំនួន ៧, ៥៣១គ្រួសារ លើផ្ទៃដីសរុបមានទំហំ ៣០,៥៨៩ហិកតា។
ការងារកាត់ឆ្វៀលផ្ទៃដីជូនប្រជាពលរដ្ឋវិញ ដោយអនុវត្តន៍តាមតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំផ្ទាល់ពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានសិក្សាស្នើសុំកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងកែសម្រួលព្រំប្រទល់តំបន់៣ នៅភូមិសាស្រ្ត ឃុំផ្លូវទូក និងឃុំសំរោងសែន។
ដោយឡែកការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការវិញ លោកអភិបាលខេត្ត បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជំរុញឱ្យដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងដោះស្រាយសំណូមពរនានាជូនប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងាររដ្ឋបាលខេត្ត បានធ្វើការដោះស្រាយតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង មានសរុបចំនួន ១,០០៨ករណី បានសម្របសម្រួលដោះស្រាយបញ្ចប់ចំនួន ៩១៤ករណី និងនៅសេសសល់ ក្រុមការងារកំពុងបន្តចុះដោះស្រាយជាបន្តបន្ទាប់ទៀត។
ការងារផ្សព្វផ្សាយទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទវិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋពាក់ព័ន្ធការនេសាទនៅរដូវត្រីពង ការហាមឃាត់ប្រើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ និងបានផ្សព្វផ្សាយចលនាឱ្យអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីស្ម័គ្រចិត្តប្រគល់ជូនសមត្ថកិច្ច ក្រុមប្រតិបត្តិការចម្រុះចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្រ្ត បានដកហូត និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ។
លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានបង្ហាញលទ្ធផលការងារបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំងផងដែរ។ លោក ស៊ុន សុវណ្ណារិទ្ធិ បានអះអាងថា ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រដ្ឋបាលខេត្ត បានចាត់វិធានការរដ្ឋបាល ធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងនោះមានទីតាំងលេងល្បែងភ្នាល់តាម Internet ជ្រកក្នុងអាជីវកម្ម-អាជ្ញាបណ្ណ និងទីតាំងលេងល្បែងភ្នាល់ផ្សេងៗ នៅក្នុងខេត្ត។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវសេចក្តីគោរពដឹងគុណ ដ៏ស្មោះអស់ពីដួងចិត្ត ចំពោះគំរូវីរភាពដ៏ឆ្នើមរបស់សម្ដេចតេជោ ដែលបានដឹកនាំតស៊ូរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនគ្រប់វិស័យ ក្នុងបុព្វហេតុជាតិ សុខសន្តិភាព សុខមាលភាព វិបុលភាព និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ប្រកាសគាំទ្រជាឱឡារិក និងពេញទំហឹង សេចក្តីសម្រេចមហាសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆន្ទបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ឆ្នាំងជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងខេត្តខេត្តកំពង់ឆ្នាំងទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ក៏ដូចជាការងារដែលអភិបាលខេត្តរៀបរាប់ខាងលើ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ឆ្នាំង ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះឱ្យមានការរីកចម្រើន៕