(កំពង់ធំ)៖ លោក ឈុន ឈុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ទៅកាន់ប្រជាពលរដ្ឋចូលរួមជាង៣០០នាក់ថា គោលបំណងរបស់វេទិការនេះគឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយនិងបន្តអនុវត្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។
លោក ឈុន ឈុន បានថ្លែងនៅក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកកំពង់ស្វាយ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅសាលាស្រុកកំពង់ស្វាយ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ សមជិកក្រុមប្រឹក្សា អភិបាលរងខេត្តកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងតំណាងប្រជាពលរដ្ឋជាង៣០០នាក់ផងដែរ។
លោក ឈុន ឈុន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្ត នឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យ បានច្បាស់លាស់ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។
លោក ងួន រតនៈ បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវពន្យល់ប្រជាពលរដ្ឋរបស់យើង ឲ្យយល់អំពីភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ភាពរាំងស្ទះដោយសារជំងឺកូវីដ ត្រូវយកថវិការសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេស មកទិញវ៉ាក់សាំងការពារជំងឺកូវីដ ផ្តល់កម្មវិធីសាច់ប្រាក់ជួយជីវភាពប្រជាពលរដ្ឋទៅតាមទំហំគ្រួសារ ដែលមានជីវភាពខ្វះខាត គ្រួសារក្រ១ ក្រ២ ដែលត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្រៅពីនេះប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ មិនព្រងើយកន្តើយនោះទេ ក្នុងការជួយអាយុជីវិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខូចខាតដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវរួមគ្នាដោះស្រាយឲ្យល្អបំផុតជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះលោក ងួន រតនៈ បានជំរុញដល់មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យនឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាពរដ្ឋ។ ជាមួយគ្នានេះលោកនឹងធ្វើការតាមដានលើការដោះស្រាយ បញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត។
សូមជំរាបថា សំណើ សំណូមពរ ក្នុងវេទិកាក្រុមប្រឹក្សានៅស្រុកកំពង់ស្វាយ ប្រជាពលរដ្ឋភាគច្រើនបានសំណូមពរទៅលើការស្នើសុំឲ្យជួសជុលផ្លូវដែលបានលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងកាលពីកន្លងមក ការស្នើការធ្វើផ្លូវចាក់កៅស៊ូ ការដាក់លូតាមផ្លូវមួយចំនួន ការស្នើសុំធ្វើស្ពាន ការស្នើសុំចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ការស្នើសុំសាងសង់សាលារៀនដែលមានសភាពចាស់ទ្រុឌទ្រោម ការពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណបាត់រឺខូច និងសំបុត្រកំណើតជាដើម៕