(ភ្នំពេញ)៖ ក្មេងៗសិស្សានុសិស្សប្រុសស្រី ចំនួន៣២នាក់ ដែលរៀនថ្នាក់ទី៦ “ក” បានទទួលការបណ្ដុះបណ្ដាលសិក្សារៀនសូត្របន្ថែមមួយកម្រិតទៀត ដើម្បីយល់ដឹងកាន់តែច្បាស់ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅក្នុងវេទិការផ្សព្វផ្សាយមួយ ដោយមានកិច្ចសហការចូលរួមដឹកនាំ និងពន្យល់ណែនាំយ៉ាងយកចិត្តទុកដាក់ ពីនាយិការ នាយិការរងសាលាបឋមសិក្សា និងលោកវរសេនីយ៍ត្រី តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ ស្ថិតនៅសាលាបឋមសិក្សាឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ថា នៅក្នុងវេទិការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលបង្រៀនដល់សិស្សានុសិស្ស ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់បន្ថែមមួយកម្រិតទៀត អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន រួមមាន៖ ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្នែកផ្លូវចិត្ត និងផ្លូវកាយ។

តើគ្រឿងញៀនជាអ្វី? គ្រឿងញៀនគឺជាសារធាតុគីមី ឬរុក្ខជាតិ នៅពេលដែលយើងប្រើទៅវាមានឥទ្ធិពលរំញោចយ៉ាងខ្លាំងលើផ្លូវចិត្ត និងផ្លូវកាយ ដូចជាធ្វើឲ្យយើងមានអារម្មណ៍រវើរវាយ អណ្ដែតអណ្ដូង ឬក្លាហានខុសពីលក្ខណៈធម្មតា ដែលមនុស្សគ្រប់រូបមិនអាចធ្វើអោយស្ពឹកស្រពន់ បំបាត់ភាពចុកចាប់ និងភាពអស់កម្លាំង ឫបង្កជារោគសញ្ញាផ្សេងៗទៀតជាច្រើន។ អ្នកប្រើប្រាស់មានអាកប្បកិរិយាចំណុះគ្រឿងញៀនទាំងនោះ។ នៅពេលដែលគរបានប្រើវាម្ដង ហើយវាធ្វើឲ្យគេមានអារម្មណចង់ប្រើប្រាស់បន្តដោយអត់ទ្រាំពុំបាន។

នៅប្រទេសកម្ពុជាយើង គេអាច ប្រទះឃើញគ្រឿងញៀនធម្មជាតិមួយចំនួន ដូចជា កញ្ឆា អាភៀន និងគ្រឿងញៀនសំយោគ ដែលមានរូបរាងបន្លំ ដូចជាឱសថដែលប្រើប្រាស់ ក្នុងវេជ្ជសាស្ត្រមានឈ្មោះ ដូចជា អំហ្វេតាមីន អ៊ិចស្ដាស៊ី អិលអេសឌី កាតាមីន មេតំហ្វេតាមីន។ល។ ក្រៅពីនេះ គេឃើញមានគ្រឿងញៀនធម្មជាតិពាក់កណ្ដាលសំយោគ ដែលមានឈ្មោះថា ហេរ៉ូអ៊ីនជាម្សៅ ឬ គ្រាប់រួម នឹងម្សៅកូកាអ៊ីន និងគ្រឿងញៀនផ្សេងៗមួយចំនួនទៀត។

បុព្វហេតុដែលនាំឲ្យយុវវ័យប្រឡូកក្នុងគ្រឿងញៀននៅចុងទសវត្សរ៍ទី៩០ បាតុភូតគួរឲ្យព្រួយបារម្ភពីការកើតឡើង៖

*ទី១៖ ការប្រើប្រាស់សារធាតុមេតំហ្វេតាមីន និងថ្នាំញៀនប្រភេទលើកកម្លាំង អេធីស៊ី បានកើតឡើងយ៉ាងខ្លាំងក្នុងជួរយុវជនជាសិស្សសាលា អ្នករស៊ីផ្លូវភេទ និងកម្មករ។
*ទី២៖ ការប្រើប្រាស់សារធាតុ (ហិតកាវ) និងថ្នាំលើកកម្លាំង ដែលជាថ្នាំញៀនប្រភេទ យ៉ាម៉ា ឬយ៉ាងបា ដោយកុមារ អនាថា និងកុមារប្រើកម្លាំងកាយដើម្បីស្វែងរកកម្រៃចិញ្ចឹមជីវិត មានចំនួនកាន់តែច្រើនឡើង ក្នុងចំណោមជន ក្រីក្រ។ មានក្មេង អនាថា កាន់តែច្រើនឡើងកំពុងប្រើប្រាស់ម្ជុលចាក់ល្បាយ អាភៀន ដែលជាសារធាតុញៀនទៅក្នុងសរសៃឈាម។

មានហេតុផលច្រើនទៀត ដែលជំរុញឲ្យយុវជន និងកុមារចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀន ដូចជាការបង្ខំពីមិត្តភក្តិ ការប្រើតាមគ្នាការចង់ដឹង (ដោយសាកល្បងម្ដងហើយក៏ចាប់ផ្ដើមញៀន) មានគេលួចដាក់ឲ្យប្រើដោយមិន ដឹងខ្លួនហើយ ក៏ចាប់ផ្ដើមមានអារម្មណ៍ញៀន។ ខ្លះទៀតប្រើគ្រឿងញៀន ដើម្បីភាពសប្បាយរំភើបត្រេកត្រអាល ក្នុងការរំសាយទុក្ខ ដើម្បីធ្វើពល កម្មធ្ងន់ៗបានយូរ បំបាត់ការស្រេកឃ្លាន បង្កើនភាពងោកងុយ ឬបង្ការកុំឲ្យដេកលក់ ជំរុញចិត្តឲ្យមានភាពក្លាហាន ឬដើម្បីបង្កើនអារម្មណ៍រួមភេទ។ល។ ប៉ុន្តែមធ្យោបាយទាំងនេះ អាចបំផ្លាញសុខភាពក្នុងកម្រិតធ្ងន់ធ្ងរ។

ផលប៉ះពាល់នៃគ្រឿងញៀនចំពោះផ្លូវចិត្តការប្រើប្រាស់សារធាតុញៀនធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផ្លូវចិត្តរបស់អ្នកប្រើប្រាប់ ដូចជា វង្វេងវង្វាន់ស្មារតីការចង់ចាំថយចុះ ភ្លេចភ្លាំងច្រើន មានអារម្មណ៍រើរវាយ អណ្ដែតអណ្ដូង សប្បាយ ឆេវឆាវ ឬស្ងាត់ស្ងៀមពុំនិយាយស្ដីខុសពីធម្មតា ថប់អារម្ភក្នុងចិត្ត ស្រើបស្រាល នឹងបញ្ហាផ្លូវភេទងោកងុយ ឬ ពុំដេកសោះតែម្ដង និយាយ ប៉ប៉ាច់ប៉ប៉ោច ពុំប្រាកដប្រជា។ល។ និយាយជារួម នៅពេលដែលមនុស្សម្នាក់ ស្រវឹងគ្រឿងញៀន ភាពវាងវៃ និងការគិត វិញ្ញាណ ការសម្រេចចិត្ត ភាពរំជើបរំជួលចិត្ត និងអាកប្បកិរិយារបស់មនុស្សម្នាក់នោះ ផ្ទាលផ្លាស់ប្ដូរខុសពីធម្មតាតិច ឬច្រើនអាស្រ័យលើបរិមាណគ្រឿងញៀនដែលមនុស្សនោះ បានប្រើប្រាស់។ ចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀននៅ ក្នុងបរិមាណខ្ពស់ និងយូរអ្វែងអាចមានជម្ងឺវិកលចរិត។

ផលប៉ះពាល់ នៃគ្រឿងញៀនចំពោះផ្លូវកាយ ការប្រើប្រាស់សារធាតុញៀន ក៏ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបកាយទាំងមូលផងដែរ ដូចជា អស់កម្លាំង ល្ហិតល្ហៃរាងកាយ ស្គាំងស្គម និងសរីរាង្គនានា ដូចជា ភ្នែក ច្រមុះ ត្រចៀក បេះដូង ថ្លើម ខួរក្បាល សាច់ដុំទ្រុឌទ្រោម ចុះខ្សោយ និងងាយទទួលជម្ងឺផ្សេងៗ ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកខួរក្បាល មហារីកសួត ខូចមុខងារបន្តពូជ ជាដើម។

ការប្រើម្ជុលរួមគ្នាដើម្បីចាក់បញ្ចូលគ្រឿងញៀនទៅក្នុងសរសៃឈាម និងអារម្មណ៍ស្រើបស្រាលផ្នែកផ្លូវភេទខុសពីធម្មតា បណ្ដាលឲ្យអ្នកសេពគ្រឿងញៀនខ្វះការប្រយ័ត្នក្នុងការរួមភេទ ដែលជាកត្តានាំឲ្យឆ្លងជម្ងឺកាមរោគ និងមេរោគអេដស៍។

ផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀត របស់គ្រឿងញៀន ក្រៅពីផលប៉ះពាល់ចំពោះផ្លូវចិត្ត និងផ្លូវកាយ គ្រឿងញៀនបានធ្វើឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរផងដែរ ចំពោះសន្តិសុខផ្ទាល់ខ្លួន ពីព្រោះអ្នកសេពគ្រឿងញៀន អាចហ៊ានប្រព្រឹត្តអំពើហឹង្សា ឧក្រិដ្ឋកម្ម អំពើមនុស្សឃាត ឬ បំពានផ្លូវច្បាប់ ដែលអាចជាប់ពន្ធនាគារ ឬមានគ្រោះថ្នាក់ផ្សេងៗ ដល់ជីវិត ដូចជាគ្រោះថ្នាក់ចរាចរជាដើម។

អ្នកសេពគ្រឿងញៀន ក៏បង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួនផងដែរ ដូចជា បាត់បង់សមត្ថភាពក្នុងការរៀនសូត្រ សមត្ថភាពក្នុងការបំពេញការងារ បាត់បង់អាជីព ចំណូលគ្រួសារថយចុះ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ កិត្តិយសគ្រួសារអាប់ឱន។ល។ ក្រៅពីផលប៉ះពាល់ចំពោះសន្តិសុខផ្ទាល់ខ្លួន និងគ្រួរសារ គ្រឿងញៀនបានបង្កឲ្យមានផលវិបាកផ្សេងៗទៀត ដល់សហគមន៍ និងសង្គមជាតិ ដូចជា បង្កើនជម្ងឺ និងការចំណាយក្នុងសហគមន៍ លើបញ្ហាសុខភាព បន្ថយសមត្ថភាពក្នុងការបំពេញការងារ បង្កឲ្យមាន ឧក្រិដ្ឋកម្ម ឃាតកម្ម ចោរកម្ម អសន្តិសុខ ធនធានមនុស្សនៃសង្គមជាតិថយចុះ ការអភិវឌ្ឍន៍សង្គមមានការយឺតយ៉ាវ សីលធម៌សង្គមធ្លាក់ចុះទាប ប្រពៃណីវប្បធម៌ជាតិរេចរិល ប្រទេសជាតិទន់ខ្សោយ។

យុវជនគួរចៀសវាងពីថ្នាំញៀន ដើម្បីចៀសវាងនូវផលវិបាកទាំងឡាយ ដែលកើតឡើង ដោយសារគ្រឿងញៀន យុវជនត្រូវស្វែងយល់ឲ្យបានច្បាស់ អំពីផល ប៉ះពាល់អវិជ្ជមានទាំងឡាយ ដែលកើតឡើង ដោយសារគ្រឿងញៀន។

វិធានការតែមួយគត់ដ៏មានប្រសិទ្ធភាពបំផុត ដើម្បីបង្កាបញ្ហានេះ គឺយុវជនត្រូវចៀសវាង និងនៅឲ្យឆ្ងាយពីគ្រឿងញៀន។ ត្រូវប្រុងប្រយ័ត្នខ្លួនកុំឲ្យលង់ក្នុងការបោកបញ្ឆោត ឬការបង្ខិតបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ឬប្រើគ្រឿងញៀន ក្នុងការដោះស្រាយបញ្ហាតានតឹងចិត្ត។ និយាយរួមត្រូវកំណត់ឲ្យបាមច្បាស់ថា ការប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធនឹងគ្រឿងញៀន គឺជាឧក្រិដ្ឋកម្ម និងជាការបាត់បង់អ្វីៗចៀសមិនផុតឡើយ៕