(មណ្ឌលគិរី)៖ តាមរយៈការផ្សព្វផ្សយ ការយល់ដឹងពីគុណតម្លៃរបស់សត្វព្រៃ និងការប្រឈមមុខនឹងផ្លូវច្បាប់ចំពោះការយកសាច់សត្វព្រៃមកលម្អិតធ្វើម្ហូបលក់ដល់ភ្ញៀវពិសារ គឺមានម្ចាស់ភោជនីយដ្ឋានជាច្រើនៅក្នុងខេត្តមណ្ឌលគិរី បានប្រកាសធ្វើពហិការមិនយកសាច់សត្វព្រៃមកធ្វើម្ហូបជាដាច់ខាត បើទោះបីជាភ្ញៀវកម្មង់ និងឱ្យតម្លៃថ្លៃក៏ដោយ។
បើតាមលោក អ៊ុម សាម៉ន ម្ចាស់ភោជនីយដ្ឋាន រ៉ាម៉ន ផាប់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សម្រាប់ភោជនីយដ្ឋានរបស់ខ្លួន បានបើកដំណើរការជាច្រើនឆ្នាំមកហើយ ប៉ុន្តែ សម្រាប់ភោជនីយដ្ឋានរបស់គាត់ គឺមិនដែលបានយកសាច់សត្វព្រៃមកធ្វើមុខម្ហូបជូនភ្ញៀវនោះទេ។
លោកថាបន្តថា សម្រាប់ភោជនីយដ្ឋានរបស់គាត់ បានដាក់សរសេរផ្លាកនៅពីមុខហាងថា «ទីនេះ! គ្មានម្ហូបសត្វព្រៃលក់ទេ» រយៈពេល ៣ឆ្នាំមកហើយ។ លោកថា កត្តាដែលជំរុញឱ្យភោជនីយដ្ឋានរបស់លោក មិនជ្រើសយកសាច់សត្វព្រៃ ធ្វើជាមុខម្ហូប គឺដោយសារតែមិនចង់ឱ្យមានការបាត់បង់សត្វព្រៃបន្តទៀត និងដើម្បីបង្កើនចំនួនពួកវាឡើងវិញ ដើម្បីមនុស្សជាតិជំនាន់ក្រោយបានស្គាល់ ក៏ដូចជាទុកសម្រាប់ទាក់ទាញចំណូលពីវិស័យទេសចរណ៍ ធម្មជាតិ។ ទន្ទឹមគ្នានេះ ក៏ខ្លាចក្រែងទទួលទោសទណ្ឌចំពោះមុខច្បាប់។
លោក សាម៉ន ក៏បានបង្ហើបថា សម្រាប់ភោជនីយដ្ឋានរបស់ខ្លួនគឺតែងតែមានភ្ញៀវមួយចំនួនតូចបានសួររកមុខម្ហូបពីសាច់សត្វព្រៃ ប៉ុន្តែ ត្រូវលោកបដិសេធ រួមភ្ញៀវនោះក៏បានដើរចេញពីហាងរបស់លោកក៏មាន។ ដោយឡែក សម្រាប់សាច់សត្វព្រៃវិញ ជារើយៗតែងតែមានអ្នកបរបាញ់បានពីព្រៃ Call មកសួរនាំក្នុងន័យយកសាច់សត្វព្រៃដែលខ្លួនបរបាញ់បានមកលក់ដល់ភោជនីយដ្ឋានរបស់លោក ក៏ប៉ុន្តែត្រូវបានលោកបដិសេធមិនទទួលទិញជាដើម។
សម្រាប់លោក ខៀវ ឧត្តម ជាម្ចាស់រមណីយដ្ឋានឈ្មោះថា មណ្ឌលគិរី ភីហ្សា បឹងហ្កាឡូ បានឱ្យដឹងថា ចាប់តាំងពីបើកអាជីវកម្មលើផ្នែកបម្រើសេវាម្ហូបអាហារទេសចរណ៍ជាង១០ឆ្នាំមកនេះ កន្លែងអាហារដ្ឋានរបស់ខ្លួន មិនដែលលក់សាច់សត្វព្រៃនោះឡើយ។ លោកបានបញ្ជាក់ថា សម្រាប់រូបលោកផ្ទាល់ កឺមិនគាំទ្រសោះឡើយចំពោះការលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ ដោយសារតែសត្វព្រៃមានតម្លៃមហាសាល សម្រាប់លំនឹងបរិស្ថាន ជាទីគយគន់របស់ភ្ញៀវទេសចរ។
ស្របគ្នាដែរ លោក អ៊ុម សាម៉ន ម្ចាស់ភោជនីយដ្ឋាន រ៉ាម៉ន ផាប់ ដែលសរសេរផ្លាកនៅពីមុខហាងថា «ទីនេះ! គ្មានម្ហូបសត្វព្រៃលក់ទេ» បានបញ្ជាក់ថា ចំណុចដែលកន្លែងរបស់ខ្លួនមិនជ្រើសយកសាច់សត្វព្រៃ ធ្វើជាមុខម្ហូប គឺដោយសារតែមិនចង់ឱ្យមានការបាត់បង់សត្វព្រៃបន្តទៀត និងដើម្បីបង្កើនចំនួនពួកវាឡើងវិញ ដើម្បីមនុស្សជាតិជំនាន់ក្រោយបានស្គាល់ ក៏ដូចជាទុកសម្រាប់ទាក់ទាញចំណូលពីវិស័យទេសចរណ៍ ធម្មជាតិ។ ទន្ទឹមគ្នានេះ ក៏ខ្លាចក្រែងទទួលទោសទណ្ឌចំពោះមុខច្បាប់។
លោកបានគូសបញ្ជាក់ថា រាល់ភ្ញៀវទេសចរដែលទៅដល់អាហារដ្ឋានរបស់លោក តែងតែសួររកសាច់សត្វព្រៃ។ ជាមួយគ្នានោះ ក៏តែងតែមានអ្នកទាក់ទងឱ្យជួយទទួលទិញសាច់សត្វព្រៃ ប៉ុន្តែត្រូវបានលោកបដិសេធ។
បើតាមលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យុទ្ធនាការបញ្ឈប់ ការជួញដូរសត្វព្រៃ ដែលជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់ម្ចាស់ ភោជនីយដ្ឋានទាំងអស់ ក្នុងខេត្តមណ្ឌលគិរី ចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួន និងចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានិភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ និងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ ដែលវាមិនផ្តល់ ប្រយោជន៍សម្រាប់សុខភាពនោះឡើយ។
លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា បានថ្លែងថា «ការយល់ដឹងរបស់អ្នកទិញ អ្នកលក់ អ្នកជួញដូរ អំពីហានិភ័យដល់សុខភាព តាមរយៈការបរិភោគ និងការជួញដូរសត្វព្រៃ មានសារសំខាន់ណាស់ ដើម្បីអាច ឱ្យពូកគេចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការទិញ ការលក់ ការជួញដូរ និងបរិភោគ»។
លោកវេជ្ជបណ្ឌិត យី សេងដឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល គាំទ្រ និង អំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ការទិញ ការលក់ ការដឹកជញ្ជូន ការបរិភោគ និងប្រើប្រាស់ប្រភេទ សត្វព្រៃ ដោយសារវាអាចបង្កឱ្យមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺពីសត្វទៅមនុស្ស ពីព្រោះសត្វព្រៃ មួយចំនួនជាប្រភពនៃការផ្ទុកមេរោគ ហើយអាចចម្លងទៅមនុស្សបានគ្រប់ពេល តាមរយៈការប៉ះពាល់ ដោយផ្ទាល់ និងប្រយោលជាមួយសត្វព្រៃដែលផ្ទុកមេរោគទាំងនោះ។
លោកបានបន្តថា យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ ក៏នឹងបញ្ជ្រាបសារសំខាន់របស់ខ្លួនដល់សាធារណជនទូទាំងប្រទេស តាមរយៈបណ្តាញសង្គមនានា។ លើសពីនេះ ក៏នឹងមានរៀបចំឱ្យមានការផ្សព្វផ្សាយបន្ថែម តាមរយៈការ រៀបចំកិច្ចពិភាក្សាដោយមានការចូលរួមពីអ្នកជំនាញសុខាភិបាលស្តីអំពីហានិភ័យសុខភាពសាធារណៈ ដែលអាចកើតចេញពីការបរិភោគសាច់សត្វព្រៃ។ យុទ្ធនាការស្រដៀងគ្នានេះ ក៏ត្រូវបានបើកដំណើរការ នៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីគ្នេយ៍ រាប់បញ្ចូលប្រទេសវៀតណាម និងឡាវ ដែលមានការគាំទ្រ ដោយអង្គការ WWF និងដៃគូផ្សេងទៀតក្នុងប្រទេសទាំងនោះ។
សូមជម្រាបថា ក្រសួងបរិស្ថាន និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF បានរៀបចំយុទ្ធនាការបញ្ឈប់ការជួញដូរ សត្វព្រៃ ក្នុងដំណាក់កាលដំបូងមានរយៈពេល៦សប្តាហ៍ ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយសហការជាមួយភោជនីយដ្ឋានចំនួន៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីលើកទឹកចិត្តឱ្យចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបសាច់សត្វព្រៃ និងបន្តផ្សព្វផ្សាយអំពីយុទ្ធនាការនេះឱ្យបានទូលំទូលាយ៕