(ក្រុងម៉ាកសី)៖ ក្រុមតោកំណាចអង់គ្លេស រកបានត្រឹម១ពិន្ទុ ពេលជួបក្រុមខ្លាឃ្មុំទឹកកករុស្ស៊ី ១ប្រកួតដំបូងក្នុងពូល B នៃព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំង ក្រោយពីត្រូវបានរុស្ស៊ីវាយបក តាមបានស្មើវិញនៅនាទីចុងម៉ោង ១-១។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា ក្រុមដែលលេងល្អជាងគេក្នុងវគ្គជម្រុះអង់គ្លេស បានបើកការនាំមុខ១គ្រាប់មុន ពីការទាត់បាល់ពិន័យ Free-Kick ចូលទីយ៉ាងស្អាតនៅនាទីទី៧៣ របស់កីឡាករ Eric Dier មកពីក្លឹប Spurs តែអ្វីៗត្រូវបានរលាយបាត់វិញ នៅពេលកីឡាកររុស្ស៊ី Vasili Berezutski តែតបញ្ចូលទីតាមស្មើ ១-១ វិញនៅនាទីទី ៩០+២ នៅពីមុខអ្នកទស្សនាចំនួន ៦២៣៤៣នាក់ ក្នុងពហុកីឡដ្ឋាន Stade Velodrom នៃទីក្រុង Marseille។
១ពិន្ទុដំបូងដែលអង់គ្លេស ទើបទទួលបាននេះ បានធ្វើក្រុមជើងឯក World Cup 1966 មួយនេះឡើងទៅឈរនៅលេខ រៀងទី២ ក្នុងពូល B បណ្តោះអាសន្ន ដោយមានក្រុមជម្រើសជាតិវ៉េល ឈរនៅកំពូលតារាងមាន៣ពិន្ទុ បន្ទាប់ពីប្រកួត ឈ្នះក្រុមស្លូវ៉ាគី ២-១ និងរុស្ស៊ីឈរនៅលេខ៣ ហើយស្លូវ៉ាគី ឈរនៅលេខ៤ បាតតារាង៕