(ភ្នំពេញ)៖ នាយកអង្គការហេឡែន ខេលល័រ លោក ហ៊ូ ក្រើន បានលើកឡើងថា កុមារកម្ពុជាច្រើននាក់ បាន និងកំពុងបរិភោគអាហារកែច្នៃដែលមានសារជាតិចិញ្ចឹមតិចតួច និងអាហារ ដែលមានជាតិស្ករ អំបិល និង ជាតិខ្លាញ់មិនល្អ ក្នុងកម្រិតខ្ពស់។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី «ការសិក្សាស្រាវជ្រាវលើការបរិភោគអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាពក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមកុមារ» នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសាន់វេ។

លោក ហ៊ូ ក្រើន បានបន្ដថា សិក្ខាសាលាមានគោលបំណងបីសំខាន់គឺ៖

*ទី១៖ ដើម្បីចែករំលែកលទ្ធផលពីការសិក្សាស្រាវជ្រាវនេះ ជាមួយភាគីពាក់ព័ន្ធ
*ទី២៖ ដើម្បីដើម្បីពិភាក្សាលើការរួមចំណែករបស់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាការ បរិភោគអាហារនិងភេសជ្ជៈដែលមិនល្អចំពោះសុខភាពកុមារ។
*និងទី៣៖ ដើម្បីពិភាក្សាជំហានបន្ទាប់។

នាឱកាសនេះដែរ លោក ហ៊ូ ក្រើន បានបញ្ជាក់ថា ការសិក្សាបានរកឃើញថា កុមារបរិភោគអាហារ និងភេសជ្ជៈដែលមិនល្អ ចំពោះសុខភាពមានការកើនឡើងគួរឱ្យព្រួយបារម្ភ ពោល គឺកើនឡើងពី ៤៥.៥% ក្នុងចំណោមកុមារអាយុ ១០-១៤ ខែ ដល់ ៧៩.០% ក្នុងចំណោមកុមារអាយុ ១៥-១៩ ខែ។ ម្យ៉ាងទៀតយើងរកឃើញថាការបរិភោគបន្លែ និងផ្លែឈើ មានសារជាតិចឹញ្ចឹមខ្ពស់នៅមានកំរិតទាប។

ជាមួយគ្នានេះដែរ លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល មានគោលនយោបាយធំៗចំនួនបី ក្នុងការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារតូចគឺ៖ ការចាប់ផ្ដើមបំបៅកូនដោយ ទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល, ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ខែដំបូងនៃជីវិត និងការបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំ ឬលើសរួមជាមួយការផ្តល់អាហារ បន្ថែមចាប់ពីកុមារអាយុ៦ខែ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានសុវត្ថិភាព សមស្របតាមអាយុរបស់ទារក និងកុមារ។

បន្ថែមពីនេះ លោកស្រីបានបញ្ជាក់ថា អាហារ និងភេសជ្ជៈ ដែលមិនល្អចំពោះសុខភាពដល់ទារក និងកុមារតូចៗ គឺជាចំណុច អាទិភាពដ៏សំខាន់ ដែលរួមមាន៖ គោលនយោបាយ និងកម្មវិធីដែលគួរផ្ដោតលើការជំរុញ និងធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភទារក និងកុមារ ដោយបង្កើនការទទួលទានអាហារដែលល្អ ចំពោះសុខភាព អាហារសម្បូរសារជាតិចិញ្ចឹមខ្ពស់ និងអាហារដែលអាចរកបានងាយស្រួលក្នុង សហគមន៍ ក្នុងអំឡុងពេលនៃការផ្ដល់អាហារបន្ថែមដល់កុមារ ជាពិសេស បន្លែ និងផ្លែឈើ៕