(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប បានស្នើគណៈប្រតិភូសង្កេតការណ៍បោះឆ្នោត នៃសមាគម A-WEB មកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូត្រឡប់មកពីចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា តាមរយៈការស្នើសុំពីភាគីកម្ពុជា ថ្នាក់ដឹកនាំកំពូលរបស់សមាគម A-WEB បានទទួលយកសំណើនេះ ស្របនឹងផែនការការងាររបស់សមាគម A-WEB សម្រាប់ឆ្នាំ២០២៣ ក្នុងរបៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតលើកទី៥ ដែលចែងថា «គម្រោងសំខាន់ក្នុងឆ្នាំ ២០២៣ គឺគាំទ្រការកសាងសមត្ថភាពរបស់សមាជិក តាមរយៈកម្មវិធីសង្កេតការណ៍បោះឆ្នោត និងកិច្ចប្រឹក្សាយោបល់របស់សមាគម A-WEB»។

ជាមួយគ្នានេះ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា សន្និសីទអន្តរជាតិ ក៏មានការលើកឡើងអំពី គ.ជ.ប កម្ពុជា ដែលបានខិតខំរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ ក្នុងបរិបទដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩។ A-WEB ក៏បានកត់សម្គាល់អំពីការចូលរួមរបស់ គ.ជ.ប កម្ពុជា ក្នុងការផ្តល់អត្ថបទជាភាសាអង់គ្លេសជាប្រចាំ ដើម្បីចែករំលែកព័ត៌មានពីរឿងបោះឆ្នោត។

សន្និសីទអន្តរជាតិ ដែលមានសមាសភាពចូលរួមសរុបជាង ១៤០ប្រតិភូ មកពីសមាគម A-WEB សមាគមអាជ្ញាធរបោះឆ្នោតអាហ្វ្រិក (AAEA) សមាគមអាជ្ញាធរបោះឆ្នោតអាស៊ី (AAEA) អង្គការរដ្ឋក្នុងទ្វីបអាមេរិក (OAS) ជាអាទិ៍ និងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក Thabo Mbeki អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ដែលបានចូលរួមដោយផ្ទាល់ និងបានចែករំលែកថា «ស្ថាប័នបោះឆ្នោត គួរត្រូវបានផ្តល់សិទ្ធិពេញលេញក្នុងកិច្ចការរៀបចំការបោះឆ្នោតមួយប្រកបដោយភាពទុកចិត្ត ដោយបង្កើតភាពជាអ្នកដឹកនាំដ៏ស័ក្តសមណាមួយ សំដៅលើកកម្ពស់ និងការពារប្រជាធិបតេយ្យ និងការអភិវឌ្ឍ តាមរយៈគោលនយោបាយបង្រួបបង្រួមសង្គមជាតិ»។

វាគ្មិនដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងសន្និសីទក្រោមមូលបទ៖ «កិច្ចគាំពារស្ថាប័នរៀបចំការបោះឆ្នោត ក្នុងសម័យកាល នៃការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យសកលលោក» លោកបណ្ឌិត Khabele Matlosa មកពីមជ្ឈមណ្ឌលដើម្បីកិច្ចការការទូត និងភាពជាអ្នកដឹកនាំនៃទ្វីបអាហ្វ្រិក នៅសកលវិទ្យាល័យ Johannesburg បានសង្កត់ធ្ងន់ថា «ប្រជាធិបតេយ្យមិនមែនជាផ្លែក្រូច ឬសម្ភារដែលត្រូវនាំចេញ នាំចូលបានទេ គឺត្រូវធ្វើឡើងទៅតាមបរិបទនៃប្រទេសនីមួយៗ ហើយសំខាន់បំផុតនោះ គឺការកសាងប្រជាធិបតេយ្យស្ថិតនៅលើលទ្ធផលថាតើមានលក្ខណៈបែបណា?»៕