(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី អ៉ិត សំហេង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាក្នុងទីវត្តអារាមមួយចំនួននៅរាជធានីភ្នំពេញ រួមមាន វត្តមហាមន្រ្តី វត្តសារាវ័ន្តតេជោ វត្តមណិរតនារាម​ (វត្តទួលទំពូង) វត្តលង្កាព្រះកុសុមារាម និងវត្តនួនមណីរាម (វត្តថាន់)។

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានដង្ហែកឋិនទានចូលវត្តមហាមន្ត្រី ដើម្បីប្រគេនបច្ច័យកសាងសមិទ្ធផលក្នុងទីវត្តអារាមមួយនេះ សម្រាប់បម្រើជាឧត្តមប្រយោជន៍ក្នុងព្រះពុទ្ធសាសនា។

លោករដ្ឋមន្ត្រីបានលើកឡើងអំពីកត្តាចំនួន៤ ដែលពលរដ្ឋកម្ពុជាមានឱកាសអាចរៀបចំប្រារព្ធពិធីបុណ្យនៅក្នុងរដូវកាលពិធីបុណ្យកឋិនទាននេះបាន រួមមាន៖ ទី១. ដោយសារកម្ពុជាមានសុខសន្តិភាព អត់មានសង្គ្រាមរង្គជល់ ទើបប្រទេសជាតិមានការអភិវឌ្ឍ មានឱកាសក្នុងការកសាងនូវសមិទ្ធផលជាច្រើនទៀត ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំរួមគ្នាដើម្បីថែរក្សាសុខសន្តិភាព តាមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទី២. កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺការគ្រប់គ្រងបានល្អ ការផ្តល់វ៉ាក់សាំងដោយមិនគិតថ្លៃដល់ពលរដ្ឋ មានភាពស៊ាំនៅក្នុងសហគមន៍ ទើបយើងអាចជួបជុំធ្វើបុណ្យនៅថ្ងៃនេះបាន។ ទី៣. បន្ទាប់ពីជោគជ័យក្រោយវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ធ្វើឲ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរដើម្បីចូលបច្ច័យកសាងសមិទ្ធផលនានានៅតាមទីវត្តអារាមតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ទី៤. ដោយសារប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រជូនដល់គណបក្សប្រជាជនកម្ពុជាឲ្យបន្តដឹកនាំប្រទេសជាតិ យើងទាំងអស់គ្នានៅរួមសុខរួមទុក្ខជាមួយគ្នា បន្តចូលរួមអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រឲ្យបានរុងរឿងជារៀងរហូត។

សូមជម្រាបថា ចំពោះបច្ច័យសម្រាប់ចូលរួមកសាងសមិទ្ធផលនានាសរុប២៣១,៨៥០,០០០រៀល ក្នុងនោះវេរប្រគេនវត្តមហាមន្ត្រីចំនួន១៦៣,៦០០,០០០រៀល។ ចំពោះវត្តសារាវ័ន្តតេជោ វត្តទួលទំពូង វត្តលង្កាព្រះកុសុមារាម និងវត្តថាន់ ក្នុងមួយវត្តៗទទួលបានបច្ច័យចំនួន២០លានរៀល។ រីឯបច្ច័យ និងថវិកាសម្រាប់ប្រគេនដល់ព្រះសង្ឃ តាជី យាយជី និងកូនសិស្សនៅវត្តមហាមន្ត្រីសរុបចំនួន១១,៨៥០,០០០រៀល៕