(ភ្នំពេញ)៖ សារមន្ទីរជាតិ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រារព្ធពិធីប្រគល់-ទទួលគ្រឿងសង្ហារិមមួយឈុតរួមមាន កៅអីឈើភ្នាក់ដៃតូចចំនួន០៦ កៅអីភ្នាក់ដៃវែងចំនួន០១ កូនតុថ្មម៉ាបចំនួន០១ និងផ្ទាំងគំនូរចំនួន០១ផ្ទាំង ពីក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងគោលបំណងចុះបញ្ជីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសារមន្ទីរជាតិ ក្រោមអធិបតីភាពរបស់លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គ្រឿងសង្ហារិមមួយឈុតនេះធ្លាប់បានប្រើប្រាស់ដោយឥស្សរជនជាន់ខ្ពស់របស់កម្ពុជាតាំងពីទសវត្សរ៍ទី៥០ ជាបន្តបន្ទាប់មកនៅក្នុងអគារ «ស» វិមានរដ្ឋចំការមន ដែលជាទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញនាពេលបច្ចុប្បន្ន។ ចំណែកឯគំនូរ គឺជាស្នាដៃដែលនៅសេសសល់ដ៏កម្ររបស់វិចិត្រករ ញឹក ឌឹម។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងសារ រង់ចាំស្វាគមន៍ចំពោះសាធារណជន ដែលមានបំណងចង់ធ្វើអំណោយនូវវត្ថុសិល្បៈផ្នែកពិន្ទុវិទ្យានានា ដើម្បីរក្សាទុកជាសម្បតិ្តបេតិកភណ្ឌជាតិ។

ក្នុងឱកាសនោះដែរ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានសម្តែងក្តីរីករាយ ដោយលោកនិងសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ បាននាំយកគ្រឿងសង្ហារិម និងផ្ទាំងគំនូរបុរាណ ដែលមានរក្សាទុកនៅក្នុងទីស្តីការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (អាគារ ស វិមានរដ្ឋចំការមន) ដែលអគារនេះ គឺជាអតីតព្រះរាជដំណាក់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ មកប្រគល់ជូនលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីយកមកអភិរក្សថែរក្សាឲ្យបានល្អគង់វង្ស និងដាក់តាំងបង្ហាញជូន ភ្ញៀវជាតិ-អន្តរជាតិ បានទស្សនានៅក្នុងសារមន្ទីរជាតិ។

លោកបន្តថា នេះជាលើកទី២ហើយ ដែលក្រុមប្រឹក្សាធម្មនុញ្ញ បាននាំយកមកប្រគល់ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នូវវត្ថុសិល្បៈ ដែលគួរត្រូវបានរក្សាទុកជាបេតិកភណ្ឌ ដោយកាលពីឆ្នាំ២០១៨ កន្លងទៅ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រគល់ជូនម្តងរួចមកហើយនូវផ្ទាំងគំនូរដ៏កម្រចំនួនមួយផ្ទាំងធំ ជាស្នាដៃរបស់វិចិត្រករ ញឹក ឌឹម ដើម្បីយកមកអភិរក្សថែរក្សាទុកនៅសារមន្ទីរជាតិ។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបន្តថា គ្រឿងសង្ហារិម ដែលនឹងប្រគល់ជូនក្នុងពេលនេះ រួមមាន កៅអីភ្នាក់ដៃវែង ចំនួន០១ កៅអីភ្នាក់ដៃតូចចំនួន០៦ កូនតុថ្មម៉ាបចំនួន០១ និងផ្ទាំងគំនូរចំនួន០១។ លោកបន្តថា លោកពុំបានជ្រាបច្បាស់អំពីប្រវត្តិ និង អាយុកាល នៃវត្ថុទាំងនោះទេ ប៉ុន្តែតាមរយៈទ្រង់ទ្រាយ នៃគ្រឿងសង្ហារិមទាំងនោះ គឺច្បាស់ណាស់ថាជាសិល្បៈបស្ចិមប្រទេស (អាចជាប្រទេស បារាំង?) ដោយឡែកផ្ទាំងគំនូរស្តីពីទេសភាពសមុទ្រ អាចជាស្នាដៃរបស់វិចិត្រករ ញឹក ឌឹម ដដែល។ ប៉ុន្តែយ៉ាងណា អ្វីដែលសំខាន់បំផុត គឺវត្ថុទាំងនោះ ជាទ្រព្យដែលមានប្រវត្តិ ទាក់ទងនឹងប្រើប្រាស់ ដោយឥស្សរជនជាន់ខ្ពស់របស់ជាតិ តាំងពីទសវត្សឆ្នាំ៥០ មក។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានស្នើសុំអ្នកជំនាញខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាខាងសារៈមន្ទីរជាតិ ជួយសិក្សាស្រាវជ្រាវអំពីប្រវត្តិទាក់ទងនឹងវត្ថុទាំងអស់នេះ និងអភិរក្សថែរក្សាតាម ជំនាញបច្ចេកទេស ដើម្បីទុកជាប្រយោជន៍តទៅ។ លោកបានបញ្ជាក់ផងដែរថា មាត្រា៦៩ នៃរដ្ឋធម្មនុញ្ញ ចែងថា រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបូរាណ វត្ថុសិល្បៈបុរាណ និងកែលំអ រមណីយដ្ឋានប្រវត្តិសាស្ត្រឡើងវិញ។ ដូច្នេះ លោកជឿជាក់មុតមាំថា កិច្ចការថែ រក្សានិងការពារសម្បត្តិបេតិកភណ្ឌជាតិគ្រប់ប្រភេទ នឹងបានក្លាយជាស្មារតី រួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយស្មារតីនេះនឹងបង្កើតបានជាទម្លាប់មួយល្អ ក្នុងសង្គមជាតិ៕