(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ឌី និងលោកស្រី ទៀង ផល្លា បានឧបត្ថម្ភអង្ករចំនួន១០០តោន ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
អង្ករជាការឧបត្ថម្ភរបស់អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ចែងបញ្ជូនទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះ។
ក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមដោះស្រាយការលំបាករបស់ជាតិជាមួយរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការដ៏សប្បុរសនេះ គឺជាវប្បធម៌នៃការចែករំលែកនៅក្នុងសង្គមខ្មែរ។
សូមបញ្ជាក់ថា អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា គឺជាអ្នកមានចិត្តសប្បុរស ហើយតែងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅក្នុងសង្គម។
កន្លងមកអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា ក៏បានផ្តល់ថវិកាមួយចំនួនធំ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជានៅខេត្តបាត់ដំបង និងទីស្នាក់ការរបស់សមាគមអតីតទយុទ្ធជនក្នុងខេត្តផងដែរ៕