(ព្រះសីហនុ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងកម្រិតផ្ទៃក្នុង ន.ប.ធ. ស្តីពីនីតិវិធីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរបស់ ន.ប.ធ. និងគោលការណ៍ណែនាំអំពីបែបបទនិងទម្រង់លិខិតរដ្ឋបាលរបស់ ន.ប.ធ. ក្នុងក្របខណ្ឌនៃការអនុវត្តសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយលោកអគ្គនាយករង និងប្រធាននាយកដ្ឋាននៃ ន.ប.ធ. ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។

សិក្ខាសាលានេះបានរៀបចំឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីជួយសម្រួលដល់មន្រ្តីរបស់ ន.ប.ធ. ក្នុងការរៀបចំលិខិតរដ្ឋបាលនានារបស់ ន.ប.ធ. ឱ្យមានភាពច្បាស់លាស់ ឆាប់រហ័ស និងមានស្តង់ដារួមគ្នាមួយ ព្រមទាំងបង្កើតឱ្យមាននូវសណ្តាប់ធ្នាប់ទិន្នន័យពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន និងទិន្នន័យមន្រ្តីរបស់ ន.ប.ធ. តាមរយៈមុខងារដែលបានបង្កើតនៅក្នុងប្រព័ន្ធ ជាពិសេសជួយកាត់បន្ថយលើកិច្ចការគ្រប់គ្រងទិន្នន័យមន្រ្តីរបស់ ន.ប.ធ. តាមបែបលើក្រដាស (Paper Base) ផងដែរ៕