(ភ្នំពេញ)៖ លោក ហួរ រដ្ឋា អតីតបេក្ខជនតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ បានចេញសារ ថ្កោលទោស និងប្រ​ឆាំង​ដាច់ខាត​ចំពោះ លោក សម រង្ស៉ី ដែលបានប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជនកម្ពុជា។ លោកចាត់ទុកថា ទង្វើរបស់ លោក សម រង្ស៉ី ដែលប្រមាថព្រះមហាក្សត្រ គឺជាគំរូដ៏អាក្រក់បំផុត សម្រាប់​អ្នកនយោបាយ​ជំនាន់​ក្រោយ។

លោក ហួរ រដ្ឋា បានលើកឡើងថា៖ «ក្នុងនាម​ខ្ញុំ​ផ្ទាល់ ជាអ្នកនយោបាយ​វ័យក្មេង​នៅកម្ពុជា ខ្ញុំ​សូមប្រឆាំងដាច់ខាតចំពោះទង្វើបំពានរដ្ឋ​ធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលមិនអាចអត់ឱនឱ្យបានរបស់ លោក សម រង្ស៉ី​ ចំពោះការ​ប្រមាថ​ជាសាធារណៈ​ចំពោះអង្គព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃយើង»

លោក ហួរ រដ្ឋា បានលើកឡើងថា លោក សម រង្ស៉ី បាន និងកំពុងធ្វើនយោបាយតាមអារម្មណ៍ និងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបំពេញមហិច្ឆិតានយោបាយរបស់ខ្លួន បើទោះបីជាទង្វើនោះជាកលល្បិចធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងសង្គមកម្ពុជាក៏ដោយ។

លោកបន្ថែមថា «តាមរយៈសកម្មភាព និងទង្វើនយោបាយ​ប្រឆាំង​របស់ លោក សម រង្ស៉ី និងបក្ខពួក ខ្ញុំ​ពុំមើលឃើញថា លោក សម រង្ស៉ី និងបក្ខពួក មានឧត្តមគគតិស្នេហាជាតិ ស្នេហាមាតុភូមិ និងប្រជាជនកម្ពុជាពិតប្រាកដម្តងណាឡើយ។ ក្រុមប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៉ី គឺមានតែរិះរកប្រើគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ​ដឹកនាំបំផ្លិចបំផ្លាញសង្គមជាតិ និងបង្កជាសកម្មភាពធ្វើឱ្យសង្គមជាតិអស្ថេរភាពនយោបាយឥតឈប់ឈរ»

លោកបានបញ្ជាក់ដូច្នេះថា៖ «ដូចនេះ​ ខ្ញុំ​ក្នុងនាមជា​អ្នកនយោបាយ​វ័យក្មេងចាត់ទុកថា ទង្វើរបស់លោក សម រង្ស៉ីគឺ ជាគំរូដ៏អាក្រក់បំផុត សម្រាប់​អ្នកនយោបាយ​ជំនាន់​ក្រោយ។ ខ្ញុំ​ ​សូមថ្កោលទោស និង​ប្រឆាំង​ដាច់ខាតចំពោះទង្វើប្រមាថទាំងបំពាន​ មានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដល់អង្គ​ព្រះ​មហាក្សត្រ​នៃយើង ដែលបានប្រព្រឹត្ត​ដោយ លោក សម រង្ស៊ី​ និង ក្រុមបក្ខពួក»៕