(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាននៃ គ.ជ.ប នៅព្រលប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២នេះ បានធ្វើសន្និសីទសារព័ត៌មាន ក្រោយត្រឡប់មកពីចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB និងសន្និសីទអន្តរជាតិ ស្ដីពី «កិច្ចការពារស្ថាប័នគ្រប់គ្រងការបោះឆ្នោត ក្នុងសម័យកាលដែលលទ្ធិប្រជាធិបតេយ្យ សកលលោកមានការធ្លាក់ចុះ» នៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ជាមួយប្រទេសជាសមាជិក A-WEB សរុប ១០៩ប្រទេស។

ប្រតិភូ គ.ជ.ប ដឹកនាំដោយ លោក ឌឹម សុវណ្ណារុំ បានធ្វើដំណើរចូលរួមមហាសន្និបាត លើកទី៥ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក នៅប្រទេសអាហ្វ្រិកខាងត្បូង គឺមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងដល់គោលបំណង និងចក្ខុវិស័យរបស់សមាគមគឺ៖

* លើកកម្ពស់ការអភិវឌ្ឍ និងវប្បធម៌លទ្ធិប្រជាធិបតេយ្យ និងបរិយាកាសអំណោយផលដល់ការរៀបចំការបោះឆ្នោតប្រកបដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយបរិយាប័ន្ន

* លើកកម្ពស់ការរៀបចំច្បាប់បោះឆ្នោត ដែលគោរពតាមគោលការណ៍អន្តរជាតិនៃស្ថាប័នរៀបចំការបោះឆ្នោត

* បង្កើនទំនាក់ទំនងល្អរវាងស្ថាប័នរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត

* សម្របសម្រួលឱ្យមានការទទួលបាន និងការចែករំលែកបទពិសោធន៍ ការស្រាវជ្រាវបច្ចេក វិទ្យាព័ត៌មាន រវាងស្ថាប័នរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត

* គាំទ្រ និងលើកទឹកចិត្ត ឱ្យមានកម្មវិធីកសាងសមត្ថភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោតដើម្បីធានាដល់អនុវត្តភារកិច្ចរបស់ខ្លួន
* ធ្វើទំនាក់ទំនងជាមួយអង្គការដទៃទៀត ដែលមានគោលបំណងស្រដៀងគ្នា
* គាំទ្រ និងសម្របសម្រួលកម្មវិធីសង្កេតការណ៍បោះឆ្នោត តាមការស្នើសុំរបស់សមាជិក
* រៀបចំគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគាំទ្រដល់ស្ថាប័នរៀបចំការបោះឆ្នោតនានា និងបំពេញតួនាទីដទៃទៀតដែលអំណោយផល និងគាំទ្រដល់គោលបំណងដូចបានពោលខាងលើ

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា អង្គមហាសន្និបាទបានសម្រេចទទួលស្គាល់សមាជិកស្ថាប័នបោះឆ្នោតថ្មីចំនួន ៤បន្ថែម រួមមាន៖ គ.រ.ប Solomon, Liberia, Hungary, Lesotho។ ហេតុនេះ សមាជិកបច្ចុប្បន្នកើនដល់ ១២៣ មកពី ១១៣ប្រទេស, បោះឆ្នោតជ្រើសរើសគរប នៃប្រទេស Colombia ធ្វើជាអនុប្រធានប្តូរវេនរបស់សមាគម A-WEB។

ក្នុងឋានៈជាអនុប្រធានប្តូរវេន គ.រ.ប Colombia នឹងត្រូវរៀបចំមហាសន្និបាត លើកទី ៦ នៅប្រទេស Colombia នៅឆ្នាំ២០២៤, ប្រកាសតែងតាំងលោក Dr. Jang Insik បណ្ឌិតផ្នែករដ្ឋបាលសាធារណៈ និងជាសាស្ត្រាចារ្យ នៅវិទ្យាស្ថានជ្រាវស្រាវកិច្ចការសភានៃរដ្ឋាភិបាលកូរ៉េ ដែលមានបទពិសោធន៍ការងារនៅលេខាធិការដ្ឋាននៃរដ្ឋសភាជាតិជាង ៣០ ឆ្នាំ ដោយជំនួសដំណែងលោក Jonghyun Choe ជនជាតិកូរ៉េដែលបានចប់អាណត្តិ។

ព្រមទាំងបានអនុម័តថវិកាចំនួនប្រមាណ ៦០៩ ពាន់ដុល្លារ សម្រាប់ការអនុវត្តគម្រោងឆ្នាំ២០២៣ នឹងគ្រោងរៀបចំរំលឹកខួប ១០ ឆ្នាំនៃការបង្កើតសមាគម A-WEB ក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីចាប់កំណើតនៅឆ្នាំ ២០១៣ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលជានិវេសនដ្ឋាន របស់សមាគម A-WEB។

បន្ថែមពីនេះ បានអនុម័តទិសដៅគម្រោងសំខាន់ៗសម្រាប់ឆ្នាំ២០២៣ ចំនួន៨រួមមាន៖ បន្តបង្កើននិរន្តរភាពការងាររបស់លេខាធិការដ្ឋាន អេវេប ក្នុងនាមជាអង្គការមួយ, បន្តលើកកម្ពស់វប្បធម៌នៃការរៀបចំប្រកបដោយភាពបត់បែន របស់លេខាធិការដ្ឋាន តាមរយៈទូរគមនាគមន៍ និងកិច្ចសហប្រតិបត្តិការ, ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១១ ប្រកបដោយជោគជ័យ, បង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការល្អរវាង ស្ថាប័នរៀបចំការបោះឆ្នោតជាសមាជិក, សម្របសម្រួលកិច្ចការផ្លាស់ប្តូរចំណេះដឹង និងព័ត៌មានទាក់ទងនឹងការរៀបចំការបោះឆ្នោត, ធ្វើការប្រៀបធៀប និងវិភាគទៅលើប្រព័ន្ធបោះឆ្នោតលើពិភពលោក, លើកកម្ពស់ ការកសាងសមត្ថភាពរវាងស្ថាប័នរៀបចំការបោះឆ្នោតជាសមាជិក តាមរយៈកម្មវិធីសង្កេតការណ៍បោះឆ្នោត និងការប្រឹក្សារបស់សមាគម អេវប និងការលើកកម្ពស់ការយល់ដឹងរបស់សមាគមតាមរយៈសមម្មភាពទ្រទ្រង់នានា។

ជាមួយគ្នានេះ លោកឌឹម សុវណ្ណ សមាជិក គ.ជ.ប បានថ្លែងអបអរសាទរចំពោះការតែងតាំងថ្មីរបស់ប្រធាន A-WEB, អនុប្រធាន A-WEB និងអគ្គលេខាធិការ A-WEB៕