(ក្រុងឡេន)៖ ៣ពិន្ទុស្រស់ៗ បានធ្វើឲ្យក្រុមជម្រើសជាតិស្វីស ឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូល A បណ្តោះអាសន្ន ក្រោយយកឈ្នះគូប្រជែងអាល់បានី ១-០ ដែលទើបតែបញ្ចប់នារាត្រីថ្ងៃសៅរ៍ ទី១១ ខែមិថុនានេះក្នុងព្រឹត្តិការណ៍ បាល់ទាត់ Euro 2016 នៅបារាំង។
កីឡាករនាំសំណាង Fabian Schaer បានតែតបញ្ចូលទីសម្រេច១គ្រាប់ ត្រឹមចាប់ផ្តើមលេងបាន៥នាទីក្នុងវគ្គទី១ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ជាមួយនឹងវគ្គទី២ ពុំមានការបំប៉ោងសំណាញ់ទីគ្នាទៀតឡើយ បើទោះបីជា អាល់បានី នៅសល់សមាជិកតែ១០នាក់ ចាប់ពីនាទីទី៣៦ ពីការពិន័យកាតក្រហមប្រធានក្រុម Lorik Cana (កាតលឿង២ដង) ក៏ដោយនៅពីមុខអ្នកទស្សនាផ្ទាល់ ៣០,០០០នាក់ ក្នុងកីឡដ្ឋាន Stade Bollaert-Delelis នៃទីក្រុង Lens។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយ សម្រាប់ក្រុមជម្រើសជាតិអាល់បានី (Albania) ដែលបានឡើងមកលេង វគ្គចែកពូលក្នុង Euro 2016 ក្រោយរង់ចាំអស់រយៈពេល ៦០ឆ្នាំមកនេះ។
ស្វីស (Switzerland) ជាក្រុមទី២ ដែលរកបាន៣ពិន្ទុក្នុងពូល A ដូចទៅនឹងម្ចាស់ផ្ទះបារាំង ដែលទើបតែឈ្នះរ៉ូម៉ានី ២-១ នៅថ្ងៃបើកឆាកយប់មិញនេះ។ ២ប្រកួតបន្តទៀតចាប់ផ្តើមពូល B វិញម្តងគឺ ក្រុមជម្រើសជាតិវ៉េល ប៉ះស្លូវ៉ាគី នៅម៉ោង ២៣៖០០នាទី និងអង់គ្លេស ប៉ះ រុស្ស៊ី នៅម៉ោង ២៖០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕