(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូជាច្រើនអ្នកទៀត បានអញ្ជើញ ជួបសំណេះសំណាល និងនាំអំណោយស្រូវពូជ របស់រាជរដ្ឋាភិបាល ចែកជូនប្រជាកសិករ ដែលរងផលប៉ះពាល់ធ្វើឲ្យខូចដំណាំស្រូវ ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ចំនួន ១,៧៧៥ គ្រួសារ ក្នុងឃុំ ចំនួន ៩ នៃស្រុកកងមាស។

អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រធានបានផ្គល់ពូជស្រូវសម្រាប់ បងប្អូនកសិករធ្វើការស្ដារឡើងវិញ ក្រោយពីប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។

សម្រាប់ស្រុកកងមាស ថ្ងៃនេះ មានចំនួន ១.៧៧៥ គ្រួសារ ស្មើនឹង ១១៤តោន ៧០០គីឡូ ដែលត្រូវចែកជូន ២កន្លែង ក្នុងនោះ សម្រាប់ទីតាំង ១ នៅវត្តនិគ្រោត ឃុំពាមជីកង៖ មាន៣ឃុំ គឺព្រែកក្របៅ, រការគយ និងឃុំសូគង មានផ្ទៃដីខូចខាត ២៦២,៨០ ហិកតា មាន ៧៥០ គ្រួសារ ក្នុង ១គ្រួសារ ទទួលបានស្រូវពូជ ១០០គីឡូក្រាម ដូចៗគ្នា។

សម្រាប់ទីតាំង ២ ចែកនៅវត្តកងតាណឹង ឃុំកងតាណឹង៖ មាន០៦ឃុំ គឺកងតាណ៏ង, ខ្ចៅ, ព្រែកកុយ, រាយប៉ាយ, រការអា, និងឃុំស្តៅ មានផ្ទៃដីខូចខាត ៧៧៤,៦៤០ហិកតា ប្រជាពលរដ្ឋ ១.០២៧គ្រួសារ ស្មើនឹងពូជស្រូវ ៧០ តោន ៥០គីឡូផងដែរ។

រដ្ឋលេខាធិការក្រសួងកសិកម្ម បានផ្តាំផ្ញើដល់ប្រជាកសិករថា ក្រោយពីទទួលបានស្រូវពូជ សូមឱ្យកសិករយើងមានការត្រៀមលក្ខណៈ ពោលគឺនៅពេលដែលទឹកស្រក ត្រូវប្រើទូកដើម្បីពង្រោះស្រូវភ្លាម។

លោករដ្ឋលេខាធិការបន្តថា ក្រសួងតែងតែណែនាំ ដល់មន្ត្រីនៃមន្ទីរកសិកម្មខេត្ត សូមឲ្យមានការទំនាក់ទំនងផ្សារភ្ជាប់ជាមួយប្រជាកសិករ និងចេះស្គាល់អំពីសុខនិងទុក្ខរបស់កសិករយើង ពីព្រោះបងប្អូនប្រជាពលរដ្ឋយើងនេះហើយ ជាអ្នកកំណត់បាន នូវជោគវាសនាប្រទេសជាតិ ក៏ដូចជាអ្នកជំរុញចលករ កម្លាំងសេដ្ឋកិច្ចឲ្យទៅមុខផងដែរ៕