(ភ្នំពេញ)៖ មន្ដ្រីចរាចរណ៍នៅគោលដៅស្ដុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលឃាត់រថយន្ដប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ផាកពិន័យដោយគ្មានមូលហេតុនោះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចឲ្យដកឋានន្ដរស័ក្ដិមួយកម្រិត (ដកមួយស័ក្ដិ) និងបញ្ឈរជើង៣ខែ នៅការិយាល័យបុគ្គលិក។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះថា បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាម បណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រី គោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វើការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ។

ដោយទទួលបានបទបញ្ជា និងការឯកភាពពីលោកឧត្តមសេនីយ៍ឯក ស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះ មកបញ្ឈរជើងរយៈពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេសមន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត (ដកមួយសក្តិ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩៖១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ា ភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។

លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុសដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕