(ភ្នំពេញ)៖ សម្តីប្រមាថរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី លើព្រះចេស្តាព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងនគរ កំពុងធ្វើឱ្យមានការប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំងបំផុតពីប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ។

ក្រៅតែពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក៏ដូចជាក្រសួងស្ថាប័ននានារបស់ជាតិហើយនោះ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន ក៏បានខឹងសម្បា និងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើ និងសម្តីជូរជាតិរបស់ សម រង្ស៉ី តពូជតពង្សតាំងពីជីតាមកនេះ។

លោក ជីវ ឈីម ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ និងជាវិភាគលើបណ្តាញសង្គមមួយរូបដែរនោះ បានហៅទណ្ឌិត សម រង្ស៉ី ជាពូជពង្សជនរមិលគុណ និងគ្មានគុណធម៌តជំនាន់។ លោកបានហៅទង្វើទណ្ឌិត សម រង្ស៉ី ជាមរតកឈាមថោកទាបតពីជីតា និងឪពុក។

លោក ជីវ ឈីម បានលើកឡើងថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាអង្គព្រះមហាក្សត្រដែលរូបលោក និងប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានគោរពស្រឡាញ់យ៉ាងខ្ពង់ខ្ពស់បំផុត ហើយលោកមិនអាចទ្រាំនឹងការប្រមាថមើលងាយព្រះចេស្តារបស់ព្រះអង្គ ពីសំណាក់ជនក្បត់ជាតិ សម រង្ស៉ី បាននោះឡើយ។

អ្នកវិភាគលើបណ្តាញសង្គមរូបនេះ ប្រកាសថ្កោលទោសដាច់អហង្ការ និងស្នើឱ្យប្រព័ន្ធច្បាប់នៅកម្ពុជា ចាត់វិធានការឱ្យបានខ្លាំងក្លាបំផុតលើទណ្ឌិតសណ្តានក្បត់ជាតិពីជីតាមកនេះ។

លោក ម៉ូត ប៉េះ ពលរដ្ឋខេត្តពោធិ៍សាត់មួយរូប ក៏បានបង្ហាញការខឹងសម្បា និងមិនអាចទទួលយកបាននោះឡើយចំពោះសម្តី និងទង្វើរបស់ទណ្ឌិត សម រង្ស៉ី។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ បានចែងថា ព្រះមហាក្សត្រ ជាបុគ្គលដែលគ្មានជនណាអាចរំលោភបំពានបាននោះឡើយ។ ព្រះអង្គគង់ប្រថាប់ជាព្រះមុខរដ្ឋ គង់នៅអព្យាក្រឹត និងមិនជាប់ពាក់ព័ន្ធជាមួយនយោបាយនោះឡើយ និងមិនពាក់ព័ន្ធនឹងអំណាចរបស់រដ្ឋនោះឡើយ។

ចាប់តាំងពីពេលដែលព្រះអង្គបានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះអង្គបានយាងបំពេញរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គបានខ្ជាប់ខ្ជួន ជាម្លប់យ៉ាងត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរ រស់នៅក្នុងសុខសន្តិភាព វិបុលភាព និងសេចក្តីថ្លៃថ្នូរ។ ព្រះអង្គតែងតែបានប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គក្នុងបុព្វហេតុមនុស្សធម៌ និងរួមចំណែកដោះស្រាយការលំបាករបស់ជាតិ។

លោក ម៉ូត ប៉េះ បានយល់ឃើញថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានបំពេញព្រះរាជតួនាទីភារកិច្ចរបស់ព្រះអង្គយ៉ាងល្អបំផុត ដើម្បីនាំមកនូវភាពត្រជាក់ត្រជុំ សុខដុមរមនាសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ប្រជាពលរដ្ឋខេត្តពោធិ៍សាត់រូបនេះ បានប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះសម្តីទណ្ឌិត សម រង្ស៉ី និងស្នើឱ្យចាត់វិធានការច្បាប់ចំពោះទណ្ឌិតរូបនេះ ព្រមទាំងទាមទារឱ្យលុបសញ្ជាតិខ្មែរពីទណ្ឌិតនេះថែមទៀតផង។

យុវជន វ៉ាន់ វាសាន សិស្សវិទ្យាល័យក្នុងក្រុងពោធិ៍សាត់ ក៏បានសម្តែងប្រតិកម្មខឹងសម្បាចំពោះសម្តីប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរផងដែរ។ យុវជនរូបនេះ ក៏បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រោកឈរប្រឆាំងជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ការពារសុខសន្តិភាព ការពារជាតិ សាសនា និងព្រះមហាក្សត្រ៕