(រ៉ូម៉ានី)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមសន្និសីទសហភាពទូរគមនាគមន៍អន្តរជាតិ ITU Plenipotentiary 2022 (PP-22) ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានី Bucharest ប្រទេសរ៉ូម៉ានី។

ស្របពេលជាមួយនឹងសន្និសីទ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសទី១ សម្រាប់ការជំរុញបរិវត្តកម្មឌីជីថល គាំទ្រដោយកម្មវិធីសហភាពទូរគមនាគមន៍អន្តរជាតិ ITU Partner2Connect ស្របទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។ Partner2Connect ជាកម្មវិធីជំរុញការធ្វើបរិវត្តកម្មឌីជីថល ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ ដែលមានតម្លៃប្រមាណជា ២៦ពាន់លានដុល្លារអាមេរិក។

តាមរយៈការជ្រើសរើសនេះ​ វេទិកាតុមូល Partner2Connect នឹងត្រូវរៀបចំឡើងនៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដោយមានការចូលរួមពីស្ថាប័នរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានសិក្សា និងស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដើម្បីពិភាក្សាអំពីបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការកៀរគរធនធាន និងហិរញ្ញប្បទានពីភាគីពាក់ព័ន្ធ។

សន្និសីទ ITU PP-22 ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមមាន៖

ទី១៖ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជំរុញការបរិវត្តកម្មឌីជីថល សម្រាប់អាណត្តិ ២០២៣-២០២៦ ក្នុងនោះរួមមាន៖ អគ្គលេខាធិការ (Secretary General) អគ្គលេខាធិការរង (Deputy Secretary-General) និងនាយកការិយាល័យទាំងបីរបស់ ITU

ទី២៖ បោះឆ្នោតជ្រើសរើសសមាជិកនៃក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្ដរជាតិ (Council of International Telecommunication)

ទី៣៖ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិយតកម្មវិទ្យុគមនាគន៍ (Radio Regulations Board-RRB)

ទី៤៖ អនុម័តលើរបាយការណ៍ និងសេចក្តីសម្រេចនានាដែលបានស្នើឡើងពីតាមតំបន់នីមួយៗ

និងទី៥៖ ពិនិត្យ កែសម្រួល និងបំពេញបន្ថែម មាត្រាដែលមានចែងក្នុងរដ្ឋធម្មនុញ និងអនុសញ្ញារបស់ ITU ដែលបានស្នើទ្បើងពីបណ្តាប្រទេសជាសមាជិកនៅតាមតំបន់ ដើម្បីឱ្យមានសង្គតិភាពនៃការវិវឌ្ឍនៃបច្ចេកវិទ្យា ព្រមទាំងស្របទៅនឹងផែនការយុទ្ធសាស្ត្រ និងផែនការថវិការបស់ ITU។

នៅក្នុងសន្និសីទនេះ លោក សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាសំខាន់ៗ ថ្លែងសុន្ទរកថា និងផ្ដល់បទសម្ភាសន៍ក្នុងសន្និសីទ ITU Plenipotentiary 2022 (PP-22) ទាក់ទងទៅនឹងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈការដាក់ចេញក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

លោកក៏បានលើកឡើងអំពីយន្តការកំពូលដឹកនាំការធ្វើបរិវត្តកម្មឌីជីថល មានក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្រដោយមានគណៈកម្មាធិការចំនួនបីរួមមាន៖ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងគណៈកម្មាធិការសន្តិសុខឌីជីថល។

ជាមួយគ្នានេះដែរ លោក សុខ ពុទ្ធិវុធ បានបន្តថា បរិវត្តកម្មឌីជីថល នៅកម្ពុជានឹងជំរុញឱ្យមានការកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដើម្បីសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕