(ភ្នំពេញ)៖ លោក មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងចិត្រសិល្បៈ នៃប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ (The 18th ASEAN Senior Officials for Culture and Arts Meeting) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានប្រទេសឡាវជាប្រធាន និងម៉ាឡេស៉ីជាអនុប្រធាន។
មន្ត្រីក្រសួងវប្បធម៌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ គឺជាកិច្ចប្រជុំប្ដូរវេន ត្រូវប្រារព្ធធ្វើក្នុងមួយឆ្នាំម្ដង ដែលក្នុងនាមជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន មានរយៈពេល ០២ឆ្នាំ។ កន្លងមកកម្ពុជា បានដើរតួនាទីជាប្រធាន ចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២២នេះ នឹងត្រូវប្រគល់ការបន្តវេនទៅភាគីឡាវ ដោយមូលហេតុថាកាលពីឆ្នាំ២០១៨-២០២០ ត្រូវជាវេនរបស់កម្ពុជាជាប្រធាន ប៉ុន្តែដោយមានការបោះឆ្នោតសាកល ឆ្នាំ២០១៨ កម្ពុជាបានស្នើសុំឲ្យភាគីឥណ្ឌូនេស៉ី ធ្វើជាប្រធានមុន ទើបមកដល់ឆ្នាំ២០២០ កម្ពុជាទទួលធ្វើជាប្រធានវិញ រួចបានផ្ទេរតួនាទីជាប្រធានបន្តវេនទៅឲ្យភាគីឡាវ នៅពេលកិច្ចប្រជុំនេះ។
ក្នុងអំឡុងពេលជាប្រធាន ពីឆ្នាំ២០២០-២០២២ កម្ពុជាបានបង្កើត និងសម្រេចនូវសមិទ្ធិផលជាច្រើនដូចជា ការដាក់បញ្ចូលទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ជាកាលានុវត្តន៍នៃការផ្សព្វផ្សាយសក្ដានុពលវប្បធម៌ នៃខេត្តសៀមរាប ទៅកាន់អាស៊ាន និងពិភពលោក រួមមាន៖
* កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៦
* កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី៩
* កម្មវិធីប្រារព្ធខួបអាស៊ាន លើកទី៥៤
* កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៧
* ពិធីដាំដើមឈើ និងជិះកង់ នៅសៀមរាបអង្គរទីតាំងបេតិកភណ្ឌវប្បធម៌
* មហោស្រពម្ហូបអាហារខ្មែរ និងពិព័រណ៍ខ្លែងខ្មែរ
* ការសម្ដែងទស្សនីយភាពសិល្បៈដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ
* សន្និសីទថ្នាក់ជាតិ ស្ដីពី តំណរភ្ជាប់-សិល្បៈ និងវប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍
* កិច្ចប្រជុំអនុគណៈកម្មការវប្បធម៌ លើកទី២៣ នៃគណៈកម្មការវប្បធម៌ និងព័ត៌មានអាស៊ាន
* ការសម្ដែងសិល្បៈក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ
* សន្និសីទអន្តរជាតិ ស្ដីពីការការពារសម្បត្តិវប្បធម៌: ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់៖ ទស្សនៈពីអាស៊ាន
* កិច្ចប្រជុំគណៈកម្មការវប្បធម៌ និងព័ត៌មានអាស៊ាន លើកទី៥៧
* ការសម្ដែងសិល្បៈ ក្នុងឱកាសកិច្ចប្រជុំសហគមន៍សង្គម-វប្បធម៌ លើកទី២៨
* កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៨ និងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្តុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១០ ដែលកំពុងប្រារព្ធឡើងនេះ
* ការត្រៀមសម្ដែងសិល្បៈ ក្នុងឱកាសកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអន្តរជំនឿអាស៊ាន សម្រាប់សន្តិភាព និងសុខដុមភាព
* ការសម្ដែងសិល្បៈ The Best of ASEAN Performing Art 2022 នៅកម្ពុជា
* មហោស្រពវប្បធម៌អាស៊ាន ក្នុងស្មារតីសាមគ្គីដើម្បីសន្តិភាព ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ នៅកម្ពុជា
* ការសម្ដែងសិល្បៈក្នុងឱកាសកលៀងសាយភោជជូនប្រមុខរដ្ឋអាស៊ាន និងដៃគូសន្ទនា ដែលអញ្ជើញមកចូលរួមប្រជុំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២
* សន្និសីទអាស៊ាន ស្ដីពី KONNECT ASEAN: វប្បធម៌ វិបត្តិអាកាសធាតុ និងភាពចម្រុះដែលគួរ បាត់បង់
* ការរៀបចំព្រឹត្តិការណ៍រាត្រីចងចាំ នៅអង្គរវត្ត
* ការសម្ដែងសិល្បៈ Mozart at Angkor «Cambodia Magic Flute»
កិច្ចពិភាក្សាក្នុងអង្គប្រជុំ ថ្ងៃនេះ រួមមាន៖
* ផែនការការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈជាមួយដៃគូសន្ទនា ២០២២-២០២៥
* បច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងសិល្បៈជាមួយដៃគូសន្ទនា ២០២២-២០២៥
* ការពិនិត្យឡើងវិញនៃបណ្តាញកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ានបូកបី (APTCCN)
* សេចក្តីថ្លែងការណ៍ខេត្តសៀមរាប ស្តីពីការលើកកម្ពស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និងសម្របខ្លួន ដើម្បីគាំទ្រដល់វិស័យវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត
* កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសដៃគូសន្ទនាអាស៊ាន
* កំណត់ចំណាំគោលគំនិតស្តីពីមជ្ឈមណ្ឌលអាស៊ានសម្រាប់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត (ACCCI)
* សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីវប្បធម៌ និងសិល្បៈអាស៊ាន ស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌
* ការកំណត់ពេលវេលា និងទីកន្លែងសម្រាប់កិច្ចប្រជុំឧត្តមមន្ត្រីបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៩
* សេចក្ដីសម្រេច និងការអនុម័ត នៃរបាយការន៍កិច្ចប្រជុំ៕