(កំពង់ចាម)៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្ដ្រីជំនាញចុះអន្ដរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។

ក្រោយទទួលបានបទបញ្ជាពីលោករដ្ឋមន្ដ្រី លឹម គានហោ, លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការរងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដោយសហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អន្តរាគមន៍ជាបន្ទាន់ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ដែលបានបាក់កាលពីវេលាប្រមាណម៉ោង១៖៣០នាទី ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ប្រវែងប្រមាណ៦០ម៉ែត្រ។

នៅពេលនេះ ក្រុមការងារក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធ បានត្រៀមសម្ភារៈ និងលក្ខណៈបច្ចេកទេសរួចរាល់ហើយ រង់ចាំតែការដឹកជញ្ជូនខ្សាច់មកដល់នឹងចាប់ផ្តើមអនុវត្តន៍ភ្លាម៕