(អាមេរិក)៖ តារាចម្រៀង Christina Grimmie ដែលធ្លាប់ប្រកួតក្នុងកម្មវិធី The Voice របស់ ទូរទស្សន៍ NBC សហរដ្ឋអាមេរិកនោះ បានស្លាប់ហើយនៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងបាញ់ នាងពេលកំពុងច្រៀងលើឆាក ហើយក្រោយពីបញ្ជូនទៅកាន់ មន្ទីរពេទ្យតែប៉ុន្មានម៉ោងប៉ុណ្ណោះ តារាវ័យ២២ឆ្នាំរូបនេះក៏បានស្លាប់។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយ CNN នៅល្ងាចថ្ងៃសៅរ៍។
រំលឹកទៅកាន់ហេតុការណ៍ខាងលើនេះ គឺបុរសខ្មាន់កាំភ្លើងម្នាក់ ប្រដាប់ដោយកាំភ្លើងខ្លីពីរដើម បានដើរសំដៅទៅរកនាង Christina Grimmie ពេលកំពុងឈរច្រៀងលើឆាក ប្រគុំតន្ត្រីចម្រៀង ទោលមួយ កាលពីយប់ថ្ងៃសុក្រ ហើយក៏បានបាញ់រះលើរូបនាងតែម្តង។ ក្រោយពីការបាញ់ប្រហារ នោះបុរសខ្មាន់កាំភ្លើង ក៏ត្រូវបានបងប្រុសរបស់ Christina Grimmie ព្យាយាមចាប់ឃាត់ខ្លួន តែ រូបគេបានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងតែម្តង។
លោក ហ្វដ ដែលស្ថិតនៅហ្នឹងកន្លែងកើតហេតុបានផ្តល់បទសម្ភាសន៍ថា «បងប្រុសរបស់ Christina Grimmie ពិតជាវីរៈបុរសមែន ដោយលោកបានព្យាយាមបញ្ឈប់ជនបង្ក មិនឲ្យធ្វើការបាញ់ ប្រហារ សម្លាប់មនុស្សផ្សេងទៀតនៅក្នុងកម្មវិធីនោះ»។ គួរបញ្ជាក់ថា ការសម្តែងខាងលើនេះ បានធ្វើឡើង នៅទីក្រុង អូឡាន់ដូ របស់រដ្ឋផ្លូរីដា ភាគខាងត្បូងសហរដ្ឋអាមេរិក។ អាជ្ញាធរកំពុងតែស៊ើបអង្កេតនៅ ឡើយចំពោះដើមហេតុ ដែលនាំឲ្យមានការវាយប្រហារនោះ៕