(ភ្នំពេញ)៖ លោក​ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានរិះគន់ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ថាជាអ្នកនយោបាយវង្វេងជាតិ បន្ទាប់ពីជននេះ បានប្រមាថជាថ្មីមកលើអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រខ្មែរ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ ដែលជាអ្នកនយោបាយវ័យក្មេង បានលើកឡើងថា៖ «វាគឺជារឿងគួរឱ្យសោកស្តាយបំផុត ដែលមានអ្នកធ្វើនយោបាយចាស់វស្សាម្នាក់នោះបានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឱ្យមាននយោយហិង្សាកើតក្នុងប្រទេសកម្ពុជា ហើយកាលពីពេលថ្មីៗកន្លងទៅឃើញថាជនម្នាក់នេះ បាននឹងបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត ប្រជាប្រុសស្រីខ្មែរពុំគួររាប់រកជននេះឡើយ»

ជាមួយនឹងការចាត់ទុកថា លោក សម រង្ស៉ី ជាអ្នកនយោបាយវង្វេងជាតិ លោក ពេជ្រ ស្រស់ បានស្នើឱ្យជននេះ គួរឈប់ធ្វើនយោបាយថតទៅទៀត ហើយអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំយកតម្រាប់តាម។

លោកបញ្ជាក់ថា «ជនម្នាក់នោះ (ទណ្ឌិត សម រង្ស៉ី) គួរតែឈប់ធ្វើជាអ្នកនយោបាយខ្មែរតទៀតទៅ ពីព្រោះថាគ្មានជនជាតិខ្មែរណាមួយអកតញ្ញូ ជាមួយអង្គព្រះមហាក្សត្រខ្មែរឡើយ វាមានតែជនអគុណធម៌ អកតញ្ញូ សម រង្ស៉ី ម្នាក់គត់ ដែលទុយ៌សប្រមាថព្រះមហាក្សត្រខ្មែរ ជាគំរូដ៏អាក្រក់បំផុតក្នុងសង្គមជាតិខ្មែរយើង ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិខ្មែរកុំយកគំរូតាមជនខ្វះគុណធម៌ និងអកតញ្ញូដូច (ទណ្ឌិត សម រង្ស៉ី) នោះអី»

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»

នេះមិនមែនជាលើកទី១ ទេដែលទណ្ឌិត សម រង្ស៉ី បានប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ជននេះ ក៏ត្រូវបានតុលាការផ្តន្ទាទោសជាច្រើនករណី ក្នុងនោះក៏មានដែរនូវទោសប្រមាថចំពោះអង្គព្រះមហាក្សត្រ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ។

ការប្រមាថយ៉ាងធ្ងនធ្ងរចំពោះអង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៉ី កំពុងល្មើសយ៉ាងធ្ងន់ធ្ងរទៅលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ» និងល្មើសនឹងមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ៕